បាល់បោះ៖ កីឡាករបាល់បោះអាមេរិក LeBron James គឺជាកីឡាករឆ្នើមប្រចាំការប្រកួតក្រោយរកបានម្នាក់ឯង ៣០ពិន្ទុឱ្យ Los Angeles Lakers យកឈ្នះ Boston Celtics ១១៧-១០២ ការប្រកួតបាល់បោះក្របខណ្ឌ NBA អាមេរិក។ LeBron James ដែលនឹងឈានចូលវ័យ ៣៧ឆ្នាំនៅខែក្រោយនេះ ពិន្ទុភាគច្រើនដែលរកបានគឺទទួលបានពីការបញ្ជូនរបស់មិត្តរួមក្រុម Russell Westbrook ខណៈ Westbrook ខ្លួនឯងក៏រកបាន ២៤ពិន្ទុផងដែរ និងបញ្ជូន ១១លើក។

Anthony Davis ក៏រកបាន ១៧ពិន្ទុផងដែរបូករួមទាំងបាល់រីបោន ១៦លើក។ ចំណែក Boston Celtics កីឡាករ Jayson Tatum រកបាន ៣៤ពិន្ទុខ្ពស់ជាងគេក្នុងការប្រកួតតែ Celtics នៅតែចាញ់។ សូមបញ្ជាក់ថា LA Lakers រកបានជ័យជំនះ ៥លើកក្នុងចំណោម ៨ប្រកួតចុងក្រោយរបស់ខ្លួនកំពុងឈរលេខ ៦ ក្នុងតារាងនៅក្របខណ្ឌភាគខាងលិច។ លទ្ធផលផ្សេងទៀតមានដូចជា Brooklyn Nets យកឈ្នះ Dallas Mavericks ១០២-៩៩ ដែលជាការវាយបកពីក្រោយដល់ទៅ ១៧ពិន្ទុដើម្បីយកឈ្នះ។ កីឡាករ Kevin Durant រកបាន ១១ពិន្ទុម្នាក់ឯងក្នុងវគ្គទី៤ ខណៈមិត្តរួមក្រុម James Harden រកបាន ២៣ពិន្ទុ ១២បាល់បញ្ជូន និង ១១បាល់រីបោន ខណៈ Dallas Mavericks កីឡាករ Luka Donic រកបានច្រើនជាងគេដល់ ២៨ពិន្ទុ។ ចំណែកឯ New York Knicks ត្រលប់ពីបរាជ័យ ៣ប្រកួតជាប់គ្នាមកយកឈ្នះ San Antonio Spurs ១២១-១០៩៕
អត្ថបទ៖នាង សុភាវុធ