ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន(NDMA) និយាយក្នុងសប្តាហ៍នេះថា ភ្លៀងធ្លាក់នៅផ្នែកខាងលើ និងតំបន់ភាគកណ្តាលប្រទេសនាសប្តាហ៍នេះ នឹងបន្ធូរបន្ថយស្ថានភាពរលកកម្តៅដ៏អាក្រក់ប្រចាំឆ្នាំ ។
កាសែត Washington Post រាយការណ៍កាលពីថ្ងៃពុធថា រលកកម្តៅកំពុងកើតមាននៅប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងក្នុងសប្តាហ៍នេះនៅតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាល ពេលដែលសីតុណ្ហភាពឡើងដល់ ៥០អង្សាសេ ។
ប្រជាពលរដ្ឋប៉ាគីស្ថាន បានរងគ្រោះដោយសាររលកកម្តៅនៅតាមតំបន់ជាច្រើនទូទាំងប្រទេស ជាពិសេសតាមទីក្រុងភាគខាងត្បូង ។ ប៉ាគីស្ថានស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ រួមទាំងគ្រោះទឹកជំនន់ និងរលកកម្តៅស្លាប់មនុស្ស ។
រលកកម្តៅឆ្នាំ ២០១៥ បានឆក់យកអាយុជីវិតមនុស្សរហូតដល់ ២ពាន់នាក់នៅក្នុងទីក្រុងការ៉ាឈី ខណៈទឹកជំនន់ឆ្នាំ ២០២២ បានសម្លាប់មនុស្សជាង ១.៧០០នាក់ និងមនុស្សជាង ៣៣លាននាក់ផ្សេងទៀត បានជម្លៀសខ្លួននៅទូទាំងប្រទេស ។
ក្រុម NDMA និយាយនៅក្នុងសេចក្តីជូនដំណឹងថា ភ្លៀងលាយខ្យល់កន្រ្តាក់ ត្រូវបានព្យាករថា នឹងកើតមានចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៤ខែឧសភា ឆ្នាំ ២០២៥ ហើយស្ថានភាពរលកកម្តៅ នឹងថមថយចុះ ។
ពួកគេបន្តថា នៅខេត្ត Punjab និងទីក្រុង Islamabad ភ្លៀងធ្លាក់អាចបង្កជាបំណាក់ដីនៅតាមតំបន់ភ្នំ ខណៈព្យុះភ្លៀងនឹងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងរថយន្ត ៕