ក្រុមមន្រ្តីជំនួយ និយាយថា ករណីលួចស្បៀងអាហារកើនឡើងនៅតាមហាងលក់ទំនិញ និងផ្ទះបាយសហគមន៍ ក្នុងតំបន់ហ្កាហ្សាស្រ្ទីប បង្ហាញថា វិបត្តិស្រេកឃ្លានរីករាលដាលកាន់តែខ្លាំងក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រោយពេលអ៊ីស្រាអែលកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ដែនដីប៉ាឡេស្ទីនមួយនេះ ។
ជនប៉ាឡេស្ទីន និងក្រុមមន្រ្តីជំនួយ និយាយថា ឧបទ្ទេវហេតុលួចទំនិញយ៉ាងហោច ៥លើក បានកើតឡើងនៅទូទាំងដែនដីមួយកាលពីថ្ងៃពុធ រួមទាំងនៅផ្ទះបាយសហគមន៍ ហាងលក់ទំនិញ និងឃ្លាំងស្តុកស្បៀងអាហាររបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UN) ។
កងកម្លាំងអ៊ីស្រាអែល បន្តការវាយប្រហារតាមច្រកអាកាស និងតាមជើងគោករបស់ពួកគេនៅទូទាំងតំបន់ហ្កាហ្សា នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ដែលបានចាប់ផ្តើមឡើងកាលពីរយៈពេលជិត ១៩ខែមុន ។
ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ។
លោក Amjad Al-Shawa គឺជាប្រធានអង្គការក្រៅរដ្ឋាភិបាល PNGO និយាយថា ករណីលួចទំនិញ គឺជាសញ្ញាដ៏អាក្រក់បំផុតនៃស្ថានភាពធ្ងន់ធ្ងរក្នុងតំបន់ហ្កាហ្សាស្រ្ទីប ការរីលរាកដាលនៃភាពស្រេកឃ្លាន និងការបាត់បង់ក្តីសង្ឃឹមនៅក្នុងចំណោមជនប៉ាឡេស្ទីន ។
ដោយឡែក លោក Louise Wateridge គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ទីភ្នាក់ងារ UNRWA ដែលមានមូលដ្ឋាននៅប្រទេសហ៊្សកដានី និយាយថា មនុស្សជម្លៀសខ្លួនរាប់ពាន់នាក់ បានវាយប្រហារអគាររបស់ UNRWA ស្ថិតក្នុងទីក្រុងហ្កាហ្សាកាលពីថ្ងៃយប់ថ្ងៃពុធ ដោយពួកគេនាំគ្នាលួចឱសថពីគ្លីនិក និងបំផ្លិចបំផ្លាញរថយន្តជាច្រើនគ្រឿង ៕