ប្រធានាធិបតីអាមេរិក លោក Donald Trump បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz ចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ហើយបានតែងតាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជាអ្នកជំនួសបណ្តោះអាសន្នរបស់លោក នៅក្នុងការររុះរើដ៏ធំដំបូងនៃផ្ទៃក្នុងរបស់លោក Trump ចាប់តាំងពីបានចូលកាន់តំណែងក្នុងខែមករាមក។

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា លោកនឹងតែងតាំងលោក Waltz ឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្ទាប់ ប្រចាំនៅអង្គការសហប្រជាជាតិ ដោយបន្ថែមថា "លោក Waltz បានធ្វើការយ៉ាងលំបាកដើម្បីដាក់ផលប្រយោជន៍អាមេរិកជាធំ"។

មន្រ្តីទ័ពចូលនិវត្តន៍ និងអតីតសមាជិកសភាបក្សសាធារណរដ្ឋមកពីរដ្ឋ Florida រូបនេះ បានប្រឈមនឹងការរិះគន់ជាច្រើននៅក្នុងសេតវិមាន ជាពិសេសបន្ទាប់ពីលោកជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវខែមីនា ជុំវិញការលេចធ្លាយសារក្នុងកម្មវិធី Signal លើការវាយប្រហារនៅយេម៉ែន ក្នុងចំណោមជំនួយការសន្តិសុខជាតិជាន់ខ្ពស់ផ្សេងទៀតរបស់លោក Trump។
ប្រភពបាននិយាយថា លោក Trump ចង់ឱ្យផុតថ្ងៃកាន់តំណែងទី១០០ នៅក្នុងអាណត្តិរបស់លោក មុនពេលបណ្តេញមន្ត្រីថ្នាក់គណៈរដ្ឋមន្ត្រី។ ដំណឹងនៃការរុះរើផ្ទៃក្នុងដ៏ធំកាលពីថ្ងៃព្រហស្បតិ៍នេះគឺភ្លាមៗខ្លាំងណាស់ ដែលសូម្បីតែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce ក៏បានដឹងរឿងនេះពីអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយដែរ៕