បុគ្គលិកអង្គការសហប្រជាជាតិ រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលអឺរ៉ុប របស់អង្គការសហប្រជាជាតិ នៅប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ជុំវិញការបាត់បង់ការងារនៅក្នុងស្ថាប័នពិភពលោកមួយនេះ ដោយសារតែការកាត់បន្ថយជំនួយដ៏ធំដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងម្ចាស់ជំនួយផ្សេងទៀត។

ទីក្រុងហ្សឺណែវ របស់ស្វីស ដែលហៅខ្លួនឯងថា "ទីក្រុងសន្តិភាព" គឺជាមជ្ឈមណ្ឌលមនុស្សធម៌ និងការទូត ដែលមានបុគ្គលិកជាង ៣០.០០០នាក់នៅក្នុងវិស័យនេះ នេះបើយោងតាមអាជ្ញាធរតំបន់។

ក្រុមអ្នកតវ៉ាមកពីអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនាញរបស់ខ្លួន បានកាន់បដាសរសេរថា "បញ្ឈប់ការបណ្តេញបុគ្គលិកអង្គការសហប្រជាជាតិឥឡូវនេះ!" ហើយស្រែកតវ៉ាថា "បុគ្គលិកអង្គការសហប្រជាជាតិមិនមែនជាទំនិញទេ"។ បុគ្គលិកតវ៉ាទាំងនោះនិយាយថា បាតុកម្មតូចៗជាច្រើនទៀតក៏បានកើតឡើងនៅថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែឧសភា ផងដែរជុំវិញរឿងកាត់ជំនួយបែបនេះ។

ខណៈអ្នកម៉ៅការរយៈពេលខ្លី និងនិយោជិតនៅទីភ្នាក់ងារមួយចំនួនដូចជា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM ត្រូវបានជូនដំណឹងរួចហើយពីការរំសាយការងារ នៅមានបុគ្គលិកជាច្រើនពាន់នាក់ទៀតនឹងជួបរឿងដូចគ្នានេះ។ ការកាត់បន្ថយបុគ្គលិកយ៉ាងច្រើនបំផុតត្រូវបានរំពឹងទុក ចំពោះភ្នាក់ងារដែលពឹងផ្អែកខ្លាំងលើការផ្តល់មូលនិធិស្ម័គ្រចិត្តពីអតីតម្ចាស់ជំនួយចម្បងគឺសហរដ្ឋអាមេរិក ដូចជាកម្មវិធីស្បៀងអាហារពិភពលោក WFP ឬទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិជាដើម៕