ភ្នំពេញ ៖ ក្រុមហ៊ុន FURI Real Estate ដែលបានវិនិយោគការិយាល័យ នៃគំរោង The PeAkបានប្រកាសលក់អគារការិយាល័យរបស់ខ្លួន នៅក្នុងគំរោងដែលផ្តោតលើការវិនិយោគបែបពហុមុខងារនេះ។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុន FURI បានទិញយកផ្នែកការិយាល័យនៃគំរោងដ៏ធំនេះ ដែលចាប់ផ្តើមពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអគារសណ្ឋាគារ Shangri_La ។
នៅក្នុងអគារនេះ ផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ និងជាន់ខាងលើចាប់ពីជាន់ទី២៩ ដល់ជាន់ទ៥៤ជាសណ្ឋាគារកម្រិតផ្កាយ៥។ បច្ចុប្បន្នការិយាល័យក្នុងអគារនេះលក់អស់បានជាង៧០ភាគរយហើយ។
កញ្ញាបន្តថា “អគារការិយាល័យនេះ យើងផ្តោតលើការលក់ជូនអតិថិជន និងជួលត្រលប់ពីអតិថិជនវិញ ដោយផ្តល់ប្រាក់ចំណូលចន្លោះ១៣០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។កញ្ញា បន្តថា “ទីផ្សារការិយាល័យនៅតំបន់នេះ ជាតំបន់មានភាពទាក់ទាញបំផុត ព្រោះតំបន់កោះពេជ្រជាតំបន់ ដែលមានខុនដូ រាប់ម៉ឺនយូនីតដែលបានបញ្ចប់ និងកំពុងសាងសង់នៅតំបន់នេះ។
គំរោង THe PeAk ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត មានផ្សារទំនើបកម្រិតស្តង់ដារអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ និងសេវាកម្មជាច្រើនទៀត។ គំរោងនេះ បានសាងសង់ដល់ជាង២៨ហើយ ក្នុងគំរោងកំពស់៥៤ជាន់។
កញ្ញាលឹម សុខាដាវីន បានបន្តថា ផ្នែកការិយាល័យក្នុងគំរោងនេះមានចំនួនសរុប២៥០យូនីត ដែលមានទំហំចាប់ពី៤២ដល់៤៤ម៉ែត្រការ៉េក្នុងមួយយូនីត ប៉ុន្តែអតិថិជនអាចជួលបានទំហំច្រើនជាងនេះ ដោយយើង មានជំនាញលើការងារនេះ និងអាចរៀបចំបាន ដើម្បីបំពេញតម្រូវការអតិថិជន។
កញ្ញាបន្តថា “ទីផ្សារការិយាល័យមិនមានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះក្រុមហ៊ុនណាក៏ចង់មកបើកការិយាល័យនៅក្បែរ ឬនៅជាមួយសណ្ឋាគារ Shangri_La ដែរ ព្រោះវាជួយលើកកេរ្ដិ៍ ឈ្មោះរបស់ក្រុមហ៊ុនគាត់”។
អ្នកនាង ជិន ចាន់ឡែន នាយិកាប្រតិបត្តិនៃក្រុមហ៊ុនFURI Real Estate បានមានប្រសាសន៍ថាអ្វីជាចំណុចពិសេសនោះគឺគំរោង The PeAk មានគំរោងដែលមានលក្ខណៈONe Stock Service ដែលផ្តល់ឱកាសឲ្យអ្នកវិនិយោគមានភាពងាយស្រួល អាចធ្វើការ និងស្នាក់នៅក្នុងតំបន់ ដែលមានសេវាកម្មចម្រុះ ដូចជា ផ្សារទំនើប កន្លែងទទួលទានអាហារ សេវាកម្មកំសាន្ត ខុនដូ សម្រាប់ស្នាក់នៅ និងសណ្ឋាគារកម្រិតផ្កាយ៥ជាដើម៕
