ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធ័រណេត មួយកន្លែងឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង ០៤ និង១១នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ចំណុចទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹង មុនឈានដល់ការឆ្មក់ចុះបង្ក្រាប់ទីតាំងបើកអ៊ីនធ័រណេត មួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់តាមប្រព័ន្ធអនឡាញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានទទួលព័ត៌មានរហូតស្រាវជ្រាវ និង បានចុះបង្ក្រាបជាក់ស្តែង ទីតាំងនេះតែម្ដង។
ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមានកុំព្យូទ័រចំនួន០៩ឈុត។
បច្ចុប្បន្ននេះ ទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ត្រូវបានអាជ្ញាធរបិទ ។ដោយឡែកមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕
អត្ថបទ៖ កុម្ភះ






