សាលារៀនមួយនៅជិតព្រំដែនប៉ាគីស្ថានក្នុងស្រុក Jammu ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ០១ ឧសភា បានរៀបចំវគ្គបណ្តុះបណ្តាលសុវត្ថិភាពពិសេសសម្រាប់សិស្សានុសិស្សដើម្បីការពារខ្លួនក្នុងករណីមានការបាញ់ឆ្លងព្រំដែនរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ក្រុមមន្ត្រីនិងអ្នករស់រានមានជីវិតបាននិយាយថា ក្រុមក្មាន់កាំភ្លើងអ៊ីស្លាមជ្រុលនិយមបានវាយប្រហារវាលស្មៅដែលសម្បូរទៅដោយអ្នកទេសចរនៅក្នុងតំបន់ Pahalgam នៃតំបន់ Kashmir កាលពីសប្តាហ៍មុន ដោយបានចាប់បំបែកក្រុមបុរស សួរឈ្មោះរបស់ពួកគេ និងបានបាញ់សម្លាប់ហិណ្ឌូសាសនិក។ យ៉ាងហោចណាស់មនុស្ស២៦ នាក់ដែលភាគច្រើនជាភ្ញៀវទេសចរ ត្រូវបានសម្លាប់។

ឥណ្ឌាបាននិយាយថា ចាប់តាំងពីការវាយប្រហារមក ទាហានទាំងពីឥណ្ឌា ទាំងពីប៉ាគីស្ថាន បានផ្ទុះអាវុធធុនតូចឆ្លងព្រំដែនរបស់ពួកគេអស់រយៈពេលប្រាំពីរយប់កន្លងមក ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ថាមានអ្នកស្លាប់ និងរបួសទេ មកទល់ពេលនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជួបប្រជុំជាមួយមន្ត្រីជានខ្ពស់ក្នុងសប្តាហ៍នេះ ហើយបានប្រាប់ក្រុមមេទ័ពរបស់លោកថាពួកគេមានសិទ្ធិសម្រេចចិត្តឆ្លើយតបរបស់ប្រទេសនេះចំពោះការវាយប្រហារនោះ។
តំបន់Kashmir ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម ត្រូវបានទាមទារទាំងស្រុងដោយទាំងឥណ្ឌាកាន់សាសនាហិណ្ឌូភាគច្រើន និងប៉ាគីស្ថានកាន់សាសនាអ៊ីស្លាម ទោះបីជាភាគីនីមួយៗគ្រប់គ្រងតែផ្នែកមួយនៃតំបន់ភ្នំហិម៉ាឡៃក៏ដោយ៕