អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រាប់សារព័ត៌មាន Fox News ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍ថា រដ្ឋបាលលោក Trump ត្រូវបានរៀបចំដើម្បីលះបង់ពេលវេលា ១០០ ថ្ងៃទៀតដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។លោកថា សហរដ្ឋអាមេរិក បានបង្កើតភាពរីកចម្រើនដោយធ្វើឲ្យភាគីទាំងពីរបង្ហាញគំនិតរបស់ខ្លួនសម្រាប់ការដោះស្រាយជម្លោះ។

អនុប្រធានាធិបតីរូបនេះបាននិយាយថា ពួកលោកទទួលបានជំហានដំបូងនេះ ដោយឆ្លុះបញ្ចាំងពី១០០ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក Donald Trump ។ ពួកលោកបានទទួលសំណើសន្តិភាពនៅទីនោះ ហើយបានបង្ហាញ រួចពួកលោកនឹងប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេល១០០ថ្ងៃខាងមុខ ដើម្បីព្យាយាមអូសទាញភាគីជម្លោះទាំងពីរអង្គុយពិភាក្សាជាមួយគ្នា។

លោក Vance បានកត់សម្គាល់ថា មុនពេលរដ្ឋបាលលោក Trump ចូលរួម ទីក្រុងមូស្គូ និងទីក្រុងគីវ ពុំបាននិយាយគ្នា និងមិនមែននិយាយទៅកាន់នរណាម្នាក់ទេ។ ពួកគេដឹងតែពីឈ្លោះគ្នា។លោកបានបន្ថែមថា ឥឡូវនេះ ការងារការទូត គឺ ព្យាយាមនាំភាគីទាំងពីរនេះឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ដោយចង្អុលទៅឈូងសមុទ្រដ៏ធំមួយរវាងអ្វីដែលរុស្ស៊ីចង់បាន និងអ្វីដែលអ៊ុយក្រែនចង់បាន។

ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន លោក Trump បានប្តេជ្ញាថានឹងបញ្ចប់ជម្លោះក្នុងរយៈពេល ២៤ ម៉ោង ក្រោយចូលអង្គុយកៅអីសេតវិមាន ជាអ្វីមួយដែលក្រោយមករូបលោកបានហៅថាជាការបំផ្លើស ។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោកបានជំរុញភាគីទាំងពីរឱ្យឈានដល់បទឈប់បាញ់ ហើយថ្មីៗនេះបានបង្ហាញពីការខកចិត្តចំពោះកង្វះវឌ្ឍនភាពនិងព្រមានដើរចេញបើគ្មានការរីកចម្រើនជាជំហានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអឺរ៉ុបខាងកើតនេះ៕