ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសាទរកិច្ចព្រមព្រៀងរ៉ែ ដែលពិភាក្សាជាយូរជាមួយសហរដ្ឋអាមេរិក ថាជា "កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ" ដោយនិយាយថា សេចក្ដីលម្អិតក្នុងឯកសារត្រូវបានកែលម្អច្រើនក្នុងអំឡុងពេលកិច្ចពិភាក្សាបន្តបន្ទាប់ ហើយឥឡូវនេះបានក្លាយជា "ភាពជាដៃគូស្មើភាពគ្នា" រវាងអាមេរិក-អ៊ុយក្រែន។

នៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួន លោក Zelenskyy លើកឡើងថា "កិច្ចព្រមព្រៀងដ៏ប្រវត្តិសាស្រ្តនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងអំឡុងពេលដំណើរការរៀបចំ ដោយឥឡូវនេះបានបង្កើតភាពជាដៃគូស្មើភាពគ្នា ដែលជាឱកាសសម្រាប់ការវិនិយោគយ៉ាងច្រើននៅអ៊ុយក្រែន ក៏ដូចជាការធ្វើទំនើបកម្មដ៏សំខាន់នៃឧស្សាហកម្មរបស់អ៊ុយក្រែន”។
ក្រុមអ្នកវិភាគអ៊ុយក្រែន បាននិយាយថា ទីក្រុងគីវ ទំនងជាអាចទាញយកសម្បទានសំខាន់ៗមួយចំនួនជុំវិញកិច្ចព្រមព្រៀងនេះ បើទោះបីជាការអះអាងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ថាអ៊ុយក្រែន "មិនកាន់សន្លឹកបៀធំ" ក៏ដោយ។

អាមេរិក និងទីក្រុងគីវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយចែករំលែកប្រាក់ចំណេញពីការលក់ធនធានរ៉ែអ៊ុយក្រែន និងរ៉ែកម្រផ្សេងទៀតនាពេលអនាគត។ កិច្ចព្រមព្រៀងនេះនឹងបង្កើតមូលនិធិវិនិយោគលើការកសាងឡើងវិញរវាងអាមេរិក និងអ៊ុយក្រែន ដែលរដ្ឋបាលលោក Trump និយាយថា នឹងចាប់ផ្តើមសងវិញនូវជំនួយប្រមាណ ១៧៥ពាន់លានដុល្លារ ដែលផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក៕