ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានពិភាក្សាចប់ជាស្ថាពរ។ ក្រសួងពាណិជ្ជកម្មគ្រោងដាក់សេចក្តីព្រាងច្បាប់ទាំងពីរនេះ ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីផ្តល់ការអនុម័តយល់ព្រម។
ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញនៃក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែធ្នូ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំពិភាក្សានេះ បានចូលរួមដោយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុត ស៊ីណាត អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអ្នកច្បាប់ និងមានការចូលរួមពីមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងអ្នកច្បាប់។
ជាលទ្ធផលអង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងនៃឯកសារខាងលើ និងរៀបចំបន្តនីតិវិធីតាមការចាំបាច់។
អង្គប្រជុំបានពិភាក្សាលើនីតិវិធីបែបបទ និងសេចក្តីព្រាងច្បាប់ ព្រមទាំងសេចក្តីថ្លែងហេតុ សម្រាប់ដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីផ្តល់ការអនុម័តយល់ព្រម ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសុំការពិនិត្យនិងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងក្រុមប្រឹក្សាអ្នកច្បាប់ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ទាំងពីរនេះ និងសេចក្តីថ្លែងហេតុឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ វណ្ណៈ




