សង្គ្រាមអ៊ីស្រាអែល នៅដែនដីហ្កាហ្សា បន្តកើតឡើងយ៉ាងក្ដៅគគុក ប៉ុន្តែការប្រឆាំងនឹងជម្លោះដ៏បង្ហូរឈាមនោះក៏កំពុងកើនឡើងដែរ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទាហានបម្រុងអ៊ីស្រាអែលរាប់ពាន់នាក់ មកពីគ្រប់សាខាអង្គភាពយោធា បានចុះហត្ថលេខាលើលិខិតទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ឈប់ការប្រយុទ្ធ និងងាកទៅផ្ដោតលើការសម្រេចកិច្ចព្រមព្រៀងមួយដើម្បីនាំយកចំណាប់ថ្នូរសេសសល់ចំនួន ៥៩នាក់ ក្នុងដៃក្រុមហាម៉ាស មកវិញ។

កាលពី ១៨ខែមុន មានជនជាតិអ៊ីស្រាអែលមួយចំនួនប៉ុណ្ណោះសង្ស័យពីគោលដៅពិតប្រាកដនៃសង្រ្គាម ពោលគឺដើម្បីកម្ចាត់ក្រុមហាម៉ាស និងរំដោះចំណាប់ថ្នូរមកវិញ ប៉ុន្តែពេលនេះ ភាពងឿងឆ្ងល់ និងការមិនពេញចិត្តកើនឡើងខ្លាំង។ សម្រាប់មនុស្សជាច្រើន បទឈប់បាញ់ខែមករា និងការវិលត្រឡប់ជាបន្តបន្ទាប់នៃចំណាប់ថ្នូរជាង ៣០នាក់ បានបង្កើនក្តីសង្ឃឹមថា សង្រ្គាមអាចបញ្ចប់ឆាប់ៗ ប៉ុន្តែក្រោយអ៊ីស្រាអែលផ្ដាច់បទឈប់បាញ់ និងធ្វើសង្រ្គាមឡើងវិញនៅពាក់កណ្តាលខែមីនា ក្តីសង្ឃឹមនោះត្រូវរលាយ។

មនុស្សជាច្រើន ដែលចុះហត្ថលេខាលើលិខិតទាមទារបញ្ឈប់សង្រ្គាមនេះ គឺសុទ្ធតែជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលយូរមកហើយ។ អ្នកខ្លះបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល មុនការផ្ទុះសង្គ្រាមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។

លិខិតបើកចំហដំបូង ដែលដាក់ចេញនៅដើមខែមេសានោះ ត្រូវចុះហត្ថលេខាដំបូងដោយទាហានបម្រុងការពារដែនអាកាស ១.០០០នាក់ និងទាហានចូលនិវត្តន៍ជាច្រើន ដែលរហូតមកទល់ពេលនេះមានអ្នកគាំទ្រប្រមាណ ១២.០០០នាក់។ អ្នកចុះហត្ថលេខាទាំងនោះជំរុញប្រជាជនអ៊ីស្រាអែល ឱ្យធ្វើតាមការនាំមុខរបស់ពួកគេ មុនពេលជីវិតចំណាប់ថ្នូរនៅរស់ប្រមាណ ២៤នាក់ក្នុងហ្កាហ្សា កាន់តែគ្រោះថ្នាក់៕