ក្រុមឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី និយាយថា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសនេះបានបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្ន មេដឹកនាំបណ្តោះអាសន្ន កំពុងគ្រប់គ្រងប្រទេសស៊ីរីបន្ទាប់ពីការដួលរលំរបបប្រធានាធិបតី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន។

ការប្រយុទ្ធគ្នាខ្លាំង បានផ្ទុះឡើងកាលពីដើមសប្តាហ៍នេះ នៅក្នុងតំបន់មួយក្បែររដ្ឋធានីដាម៉ាស ដែលភាគច្រើនរស់នៅដោយសមាជិកនៃសហគមន៍ជនជាតិភាគតិច Druze។ ក្រោយមក ការប៉ះទង្គិចគ្នា បានរាលដាលទៅដល់កន្លែងផ្សេងៗទៀត។ ការប្រយុទ្ធគ្នានេះ មានពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធមកពីសហគមន៍ Druze និងពលរដ្ឋមូស្លីមនិកាយស៊ុននីភាគច្រើន ព្រមទាំងកងកម្លាំងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ន។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមប្រតិបត្តិការនៅជាយក្រុងដាម៉ាស ដែលបានវាយប្រហារលើជនស៊ីវិលសហគមន៍Druze។ បេសកជនពិសេសរបស់ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ីរី Geir Pedersen បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយនិយាយថា លោកមាន «ការភ្ញាក់ផ្អើល» ចំពោះ សក្តានុពលនៃការកើនឡើងបន្ថែមទៀតចំពោះស្ថានភាពដ៏ផុយស្រួយ។ សេចក្តីថ្លែងការណ៍និយាយបន្ថែមថា លោក Pedersen មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលការវាយប្រហារបែបនេះ «ត្រូវតែបញ្ឈប់»។