ប្រព័ន្ធផ្សព្វផ្សាយយោធាបាននិយាយថា មេបញ្ជាការកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Syed Asim Munir បានទៅពិនិត្យវង់បាញ់គ្រាប់ពិត តំបន់Tilla កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ដើម្បីពិនិត្យមើលសមយុទ្ធ។

សមយុទ្ធនេះធ្វើឡើងក្នុងពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសឥណ្ឌា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅក្រុង Pahalgam តំបន់កាស្មៀរ កាលពីសប្តាហ៍មុន ដែលក្នុងនោះខ្មាន់កាំភ្លើងអ៊ីស្លាមនិយម តាមសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូ។ មន្ត្រីឥណ្ឌា បាននិយាយថាអ្នកវាយប្រហាររួមមានជនជាតិប៉ាគីស្ថានពីរនាក់ ហើយបានចាត់ទុកពួកគេថាជា «ភេរវជន»។

ប្រទេសប៉ាគីស្ថាន បានបដិសេធការជាប់ពាក់ព័ន្ធ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។ កងទ័ពជើងទឹករបស់ឥណ្ឌា ក៏បានប្រកាសផងដែរនូវសមយុទ្ធបាញ់ប្រហារនាពេលខាងមុខ នៅសមុទ្រអារ៉ាប់ ក្បែររដ្ឋ Maharashtra និងរដ្ឋ Gujarat ជាទីតាំងជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។
មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir កាលពីថ្ងៃព្រហស្បតិ៍ បានចេញការព្រមានខ្លាំងៗទៅកាន់ប្រទេសឥណ្ឌា ដោយប្រកាសថា រាល់គ្រោះអាក្រក់ផ្នែកយោធាបង្កឡើងដោយទីក្រុង New Delhi នឹងត្រូវឆ្លើយតបវិញយ៉ាងរហ័ស និងខ្លាំងក្លា។