ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ប្រជាជន ៤៥.០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទូទាំងប្រទេសសូម៉ាលី។

យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា មនុស្ស៤នាក់ រួមទាំងកុមារ២នាក់ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានទឹកហូរនាំ ខណៈមនុស្សជាង៤៥.០០០នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសសូម៉ាលី ចាប់តាំងពីថ្ងៃទី១៥ ខែមេសា។

អង្គការ OCHA បាននិយាយថា ទន្លេ Shabelle ទឹកបានហៀរច្រាំងទន្លេ នៅក្នុងស្រុក Jowhar ដោយបានជម្លៀសមនុស្សជាង ៦.០០០នាក់ ហើយទឹកបានជន់លិចលើផ្ទៃដីប្រហែល ១១.០០០ហិកតា។

អង្គការ OCHA បានទាក់ទងទៅដៃគូរបស់ខ្លួនដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់នូវអ្វីក៏ដោយដែលពួកគេអាចផ្តល់ឲ្យបានដល់អ្នកដែលរងផលប៉ះពាល់ ជាពិសេសកន្លែងស្នាក់នៅ អនាម័យ និងជំនួយក្នុងការភៀសខ្លួន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់កំពុងកើតឡើងនៅពេលដែលដៃគូ ជាពិសេសទីភ្នាក់ងារមិនមែនរដ្ឋាភិបាល ដែលតែងតែបម្រើជាអ្នកឆ្លើយតបជួរមុខ កំពុងប្រឈមការកាត់បន្ថយការផ្តល់មូលនិធិដែលជាប់គាំង ដែលបានដាក់កម្រិតយ៉ាងខ្លាំងលើសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។