យានអវកាសសម័យសូវៀតមួយគ្រឿងឈ្មោះ Kosmos-482 ដែលមានបំណងចុះចតនៅលើភពសុក្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកផែនដីវិញដោយមិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះក្នុងសប្តាហ៍ក្រោយ។ អ្នកជំនាញតាមដានកម្ទេចកម្ទីអវកាសលើកឡើងថា គេមិនទាន់ដឹងទេថា តើយានលោហៈកន្លះតោននោះអាចធ្លាក់ចុះទៅទីណា ឬភាគរយប៉ុន្មានដែលយាននឹងអាចរស់រានឡើងវិញ។

អ្នកវិទ្យាសាស្ត្រជនជាតិហូឡង់ Marco Langbroek ព្យាករថា យានអវកាស - ទម្ងន់ ៥០០គីឡូក្រាម ដែលចង់ចុះចតនៅលើភពសុក្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែមិនសម្រេចដោយសារតែយានជំរុញមិនដំណើរការនោះ - នឹងធ្លាក់មកផែនដីវិញប្រហែលថ្ងៃទី១០ ឧសភា ខាងមុខ ក្នុងល្បឿនប្រមាណ ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើយាននៅសភាពដដែល។

លោក Langbroek សង្កត់ធ្ងន់ថា "ខណៈដែលហានិភ័យនៅតែមាន គ្រប់គ្នាមិនគួរព្រួយបារម្ភខ្លាំងពេកទេ" ព្រោះវត្ថុនោះមានទំហំតូច ហើយទោះបីជាយាននៅសភាពល្អក៏ដោយ "ហានិភ័យគឺស្រដៀងនឹងការធ្លាក់អាចម៍ផ្កាយដោយចៃដន្យ ដែលច្រើនកើតឡើងជារៀងរាល់ឆ្នាំ"។

គួររម្លឹកថា សហភាពសូវៀតបានបាញ់បង្ហោះយានអវកាស Kosmos-482 នោះក្នុងឆ្នាំ១៩៧២ ដែលជាបេសកកម្មមួយក្នុងចំណោមបេសកកម្មភពសុក្រជាច្រើនទៀត ប៉ុន្តែមិនបានជោគជ័យទេ ដោយយានមិនដែលហោះចេញពីគន្លងផែនដីឡើយ ព្រោះតែឧបករណ៍ជំរុញមិនដំណើរការ៕