ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លោឌៀ សេនបោម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានសន្ទនាតាមទូរស័ព្ទដោយទទួលបានភាព «វិជ្ជមានខ្លាំង» ជាមួយសមភាគីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងអំឡុងដែលមេដឹកនាំទាំងពីរ ព្រមព្រៀងបន្តធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យប្រសើរតុល្យភាពពាណិជ្ជកម្ម និងដោះស្រាយបញ្ហានានាដែលមិនទាន់បានឈានដល់។

លោកស្រី Sheinbaum បានបង្ហោះនៅលើបណ្តាញសង្គម X ថា «ខ្ញុំបានសន្ទនាទទួលបានភាពវិជ្ជមានជាមួយលោកប្រធានាធិបតី Trump ដោយយើងបានព្រមព្រៀងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងរតនាគារ ព្រមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងបន្តធ្វើការនៅថ្ងៃខាងមុខ លើជម្រើសដើម្បីធ្វើឲ្យប្រសើរតុល្យភាពពាណិជ្ជកម្ម និងជំរុញបញ្ហានានាដែលមិនទាន់បានឈានដល់សម្រាប់ជាប្រយោជន៍របស់ប្រទេសទាំងពីរ»។

នេះជាការសន្ទនាតាមទូរស័ព្ទលើកទី៦ រវាងមេដឹកនាំទាំងពីរ ធ្វើឡើងក្នុងសប្តាហ៍តែមួយដែលលោក Trump បានឈានដល់រយៈពេល១០០ថ្ងៃក្នុងតំណែងរបស់លោក ក្នុងពេលមានភាពតានតឹងកើនឡើងជុំវិញការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារនៅសហរដ្ឋអាមេរិក និងការចាប់ផ្តើមដំឡើងពន្ធពាណិជ្ជកម្ម រួមទាំងផលិតផលផ្សេងៗរបស់ប្រទេសម៉ិកស៊ិក។
រដ្ឋាភិបាលប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក កំពុងចរចាក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងដែលនឹងទប់ស្កាត់ការអនុវត្តក្រឹត្យរបស់ លោក Trump ជាច្រើននៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាដែកថែប អាលុយមីញ៉ូម និងឧស្សាហកម្មរថយន្ត។