អាកាសធាតុរដូវក្តៅដ៏គួរឱ្យខ្លាចនៅតាមបណ្តាប្រទេសអាស៊ីខាងត្បូង ជារៀងរាល់ឆ្នាំបានកើតមានលឿនជាងធម្មតា ហើយនៅឆ្នាំនេះ កម្ដៅប្រចាំរដូវកាលដ៏អាក្រក់កើតឡើងតាំងតែពីខែមេសាមក នៅឥណ្ឌា និងប៉ាគីស្ថាន។ ផ្នែកភាគច្រើននៃប្រទេសជិតខាងទាំងពីរ កំពុងស្ថិតក្នុងរលកកម្ដៅដ៏ខ្លាំងក្លា នៅក្នុងអ្វីដែលអ្នកវិទ្យាសាស្ត្រនិយាយថា កំពុងក្លាយជា "រឿងធម្មតាថ្មីមួយ" យ៉ាងឆាប់រហ័ស។

សីតុណ្ហភាពក្នុងតំបន់ ជាធម្មតាឡើងខ្ពស់ចាប់ពីខែឧសភា ដោយហក់ដល់កំពូលនៅខែមិថុនា មុនពេលខ្យល់មូសុងនាំមកនូវការធូរស្រាលបន្តិច ប៉ុន្តែឆ្នាំនេះ កម្ដៅបានមកដល់មុនកំណត់នៅខែមេសា។ លោក GP Sharma ប្រធានឧតុនិយមនៅ Skymet របស់ឥណ្ឌា បាននិយាយថា "នៅអាស៊ី និងឧបទ្វីបឥណ្ឌា អាកាសធាតុផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងលក្ខខណ្ឌនិទាឃរដូវ ឆ្ពោះទៅកម្ដៅដូចរដូវក្តៅ"។

អាស៊ីខាងត្បូង ដែលមានប្រជាជន ១,៩ពាន់លាននាក់ ងាយរងគ្រោះជាពិសេស។ មនុស្សជាច្រើនរស់ក្នុងតំបន់ដែលប្រឈមនឹងកម្ដៅខ្លាំង ហើយខ្វះលទ្ធភាពទទួលបានភាពត្រជាក់ជាមូលដ្ឋាន ការថែទាំសុខភាព ឬទឹក។ នៅទីក្រុងដេលី របស់ឥណ្ឌា សីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សាសេ នៅខែមេសា - ក្នុងអត្រា ៥អង្សាសេលើសមធ្យមភាគតាមរដូវកាល នេះបើយោងតាមរបាយការណ៍។

នៅប៉ាគីស្ថានវិញក៏ក្ដៅមិនធម្មតាដែរ ដោយទីក្រុង Shaheed Benazirabad ក្នុងខេត្ត Sindh សីតុណ្ហភាពបានហក់ដល់ ៥០អង្សាសេ ដោយឡើងជិត ៨,៥អង្សាសេ លើសមធ្យមភាគខែមេសា ខណៈនៅតំបន់ផ្សេងទៀតនៃប្រទេស កម្ដៅបានកើនឡើងក្នុងកម្រិតខ្ពស់លើសពី ៤០អង្សាសេយ៉ាងក្ដៅគគុក៕