រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់ការលក់គ្រឿងយុទ្ធោបករណ៍លើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែន បន្ទាប់ពីចុះកិច្ចព្រមព្រៀងរ៉ែ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ថា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សភា ស្ដីពីអាជ្ញាប័ណ្ណដែលស្នើឡើងសម្រាប់ការនាំចេញគ្រឿងយោធាទៅឱ្យអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ "៥០លានដុល្លារ ឬច្រើនជាងនេះ"។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនក៏បានរាយការណ៍ថា រដ្ឋបាលលោក Trump បានជូនដំណឹងដល់សភាអំពីចេតនារបស់ខ្លួន ក្នុងការបើកភ្លើងខៀវចំពោះការនាំចេញឧបករណ៍យោធាទៅកាន់ទីក្រុងគីវ។ នេះជាការអនុញ្ញាតលើកដំបូងហើយចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងខែមករាមក ខណៈសេចក្ដីលម្អិតបន្ថែមពីវិសាលភាពនៃការលក់អាវុធនៅមិនទាន់មាននៅឡើយទេ។

ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកចុងក្រោយបំផុតនេះ ក៏បានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងរ៉ែកម្រដ៏ចម្រូងចម្រាសមួយរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាក្នុងថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានភាពច្របូកច្របល់ជាច្រើន៕