អាជ្ញាធរពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ថា ចំហេះព្រៃ ដែលបានឆាបឆេះផ្នែកជាច្រើននៃភាគកណ្តាលប្រទេស ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះមក ត្រូវពន្លត់យ៉ាងទូលំទូលាយ។ មន្រ្តីជាង ១៥០ក្រុម បាននិងកំពុងទប់ទល់ចំហេះ ដែលបំផ្លាញផ្ទៃដីប្រហែល ២០គីឡូម៉ែត្រក្រឡា ក្នុងតំបន់ Latrun - រវាងក្រុងហ្សេរុយសាឡិម និង Tel Aviv។

សេវាសង្គ្រោះរបស់អ៊ីស្រាអ៊ែល និយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ ត្រូវបានព្យាបាលដោយការស្រូបផ្សែងជ្រុល ប៉ុន្តែមិនមានអ្នកស្លាប់ត្រូវរាយការណ៍ទេ។ យោងតាមទូរទស្សន៍អ៊ីស្រាអែល Kan បានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យ ១៧នាក់ បានរងរបួស។

អាជ្ញាធរនិយាយថា អាកាសធាតុក្តៅ និងស្ងួត ជាមួយនឹងខ្យល់បក់ខ្លាំង បានធ្វើឱ្យការគ្រប់គ្រងអណ្ដាតភ្លើងកាន់តែលំបាក ហើយមន្ត្រីជាន់ខ្ពស់មួយរូបព្រមានថា ចំហេះទាំងនោះអាចនឹងឆាបឆេះម្តងទៀត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសអាសន្នជាតិ ដើម្បីឆ្លើយតបនឹងចំហេះ ហើយមនុស្សរាប់រយនាក់ត្រូវជម្លៀស ប៉ុន្តែបទបញ្ជាជម្លៀសសម្រាប់តំបន់ចំនួន១២ នៅជិតហ្សេរុយសាឡិម ឥឡូវនេះត្រូវបានដកចេញហើយ។

ភ្នាក់ងារពន្លត់អគ្គិភ័យ និងសង្គ្រោះបាននិយាយថា ការវាយតម្លៃបឋមបង្ហាញថា ការឆាបឆេះនេះទំនងជាបង្កឡើងដោយអ្នកឡើងភ្នំធ្វេសប្រហែស មិនមែនជាការលួចដុតដោយចេតនាទេ ប៉ុន្តែនៅមិនទាន់អាចកំណត់ពីមូលហេតុពិតបាន ព្រោះការស៊ើបអង្កេតបន្ថែមកំពុងដំណើរការនៅឡើយ៕
