ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ រយៈពេល២ថ្ងៃ នៅថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្ដដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ស្ទឹងបត់ អូរស្មាច់ ជាំ និងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប នៃនាយកដ្ឋានច្រកទ្វារទី១ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។
ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ ដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ។
ជាចុងបញ្ចប់ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ៕




















