តុលាការសហព័ន្ធអាមេរិក បានហាមឃាត់រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មិនឲ្យប្រើប្រាស់ច្បាប់សម័យសង្រ្គាមសម្រាប់ការនិរទេសជនបរទេស។ កាលពីខែមីនា រដ្ឋបាលបាននិរទេសសមាជិកដែលតាមចោទប្រកាន់ថាជាក្រុមជនអន្ធពាលជនជាតិវេណេស៊ុយអេឡា ដែលក្រុមនេះត្រូវបានចាត់ទុកជាអង្គការភេរវកម្ម។

ចំណាត់ការនេះ គឺជាផ្នែកមួយនៃការបង្ក្រាបរបស់ខ្លួន លើជនបរទេសខុសច្បាប់។ បច្ចុប្បន្ន អ្នកនិរទេសទាំងនោះត្រូវបានដាក់ពន្ធនាគារនៅក្នុងប្រទេស អែល សាល់វ៉ាឌ័រ។

តុលាការស្រុកក្នុងរដ្ឋតិចសាស់ បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់ច្បាប់ទប់ទល់សត្រូវបរទេសសម្រាប់ការនិរទេស បានហួសពីវិសាលភាពនៃច្បាប់និងខុសច្បាប់។ ច្បាប់ទប់ល់សត្រូវបរទេស អនុញ្ញាតឱ្យប្រធានាធិបតីឃុំខ្លួន ឬនិរទេសពលរដ្ឋនៃប្រទេសជាសត្រូវក្នុងពេលមានសង្រ្គាម ដោយគ្មាននីតិវិធីតុលាការធម្មតា។ ច្បាប់នេះ ត្រូវបានប្រើប្រាស់ដើម្បីឃុំខ្លួនជនអន្តោប្រវេសន៍មកពីប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
តុលាការបាននិយាយថា រដ្ឋបាលនេះ ពុំបានបង្ហាញភស្តុតាងថា ក្រុមជនអន្ធពាល បានជាប់ពាក់ព័ន្ធក្នុង«ការលុកលុយ»ណាមួយឡើយ។ រដ្ឋបាល ទំនងជានឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។