
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលហៅកាត់ថា AFD បានថ្លែងថាខ្លួនបានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ មានចំនួនរហូតដល់ជាងមួយពាន់លានដុល្លារ ហើយជំនួយដែលបានផ្តល់ឲ្យនេះ បានជួយលើកកម្ពស់ការអភិវឌ្ឍជាច្រើនវិស័យដល់កម្ពុជា ដូចជាវិស័យទឹកស្អាត ធន់ធានមនុស្ស កសិកម្មជាដើម។
ក្នុងឱកាសប្រារព្ឋខួប ៨០ឆ្នាំ នៃការកកើតទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឧទ្យាននៃស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា លោកស្រី អូហ្វីលី បួរីស ប្រធានទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំនៅកម្ពុជា បានលើកឡើងថា AFD បានបំពេញការងារចំនួន៩២គម្រោងនៅកម្ពុជា ដោយបានប្រើប្រាស់ទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក ខណៈគម្រោង ជាង៣០ទៀតបានកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។
អ្នកស្រីបានបញ្ជាក់ថា AFD បានធ្វើអន្តរាគមន៍លើវិស័យជាច្រើននៅប្រទេសកម្ពុជា ដែលក្នុងនោះ រួមមាន បរិស្ថានហេដ្ឋារចនាសម្ព័ន្ធកិច្ចគាំពារសង្គមការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគ្រប់គ្រងធនធានទឹកអភិបាលកិច្ចហិរញ្ញវត្ថុ ប្រព័ន្ធហិរញ្ញវត្ថុ កសិកម្ម ជលផលកីឡា វប្បធម៌ជាដើម។
លោកស្រី បានបន្ថែមទៀតថា ក្នុងពិធីប្រារព្ធខួប៨០ឆ្នាំរបស់AFDនេះ គឺជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នាជាមួយទីភ្នាក់ងារAFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា។
ជាមួយនឹងកការរៀបចំពិធីជួបជុំមួយនេះដែរ ក៏ជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី - Women's Voices » ខណៈកិច្ចការងារទាំងអស់មិនអាចអត់ស្រ្តីបាននោះ។
ថ្លែងនៅក្នុងពិធីប្រារព្ឋខួប ៨០ឆ្នំានោះដែរ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣មក AFDបានធ្វើកិច្ចការងារជាច្រើនជាមួយកម្ពុជា ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងប្រទេសកម្ពុជា៕ អត្ថបទ៖ បាន ចក់





