សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីការជួបជាមួយប្រមុខការទូតរបស់ប្រទេសស៊ីរី ហើយបានអំពាវនាវឲ្យអាជ្ញាធរបណ្តោះអាសន្ន ចាត់វិធានការដោះស្រាយបញ្ហាផ្សេងៗ ខណៈដែលអំពើហិង្សាបានផ្ទុះឡើងប្រឆាំងនឹងជនជាតិភាគតិច Druze។
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani កាលពីថ្ងៃសុក្រសប្តាហ៍មុន បានលើកទង់ជាតិថ្មីរបស់ប្រទេសរបស់លោក នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ដែលជាការបង្ហាញឲ្យឃើញពីសករាជថ្មីមួយ បន្ទាប់ពីការដួលរលំនៃមេដឹកនាំកាន់អំណាចដ៏យូរ លោក បាសា អាល់អាសាដ (0Bashar al-Assad) នៅក្នុងខែធ្នូ។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Tammy Bruce បានបញ្ជាក់ថា តំណាងសហរដ្ឋអាមេរិក បានជួបគណៈប្រតិភូស៊ីរី នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ។
អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិក បានជំរុញឲ្យអាជ្ញាធរក្រោយលោក អាសាដ «ជ្រើសរើសគោលនយោបាយ ដែលពង្រឹងស្ថិរភាព» ដោយមិនផ្តល់ការវាយតម្លៃលើវឌ្ឍនភាពណាមួយឡើយ។
អ្នកស្រី Bruce បានប្រាប់អ្នកយកព័ត៌មានថា៖«ការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ នាពេលអនាគត ឬការដកទណ្ឌកម្ម...នឹងអាស្រ័យលើសកម្មភាពរបស់អាជ្ញាធរបណ្តោះអាសន្ន និងការឆ្លើយតបជាវិជ្ជមានចំពោះវិធានការកសាងទំនុកចិត្តជាក់លាក់ ដែលយើងបានទាក់ទង»។
ការទាមទារនេះ គឺស្របទៅនឹងអ្វីដែលបានកំណត់ក្នុងខែធ្នូដោយសហរដ្ឋអាមេរិក ដែលពេលនោះដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរួមបញ្ចូលការការពារជនជាតិភាគតិច និងការការពារតួនាទី នៅក្នុងប្រទេសស៊ីរី ដោយសម្ព័ន្ធមិត្តរបស់លោក អាសាដ គឺប្រទេសអ៊ីរ៉ង់។