ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បាន សម្តែងការគាំទ្ររបស់កូរ៉េខាងជើង ចំពោះសណ្តាប់ធ្នាប់ពិភពលោក «ពហុប៉ូល» នៅក្នុងព្រឹត្តិការណ៍ប្រឆាំងហ្វាស៊ីសនិយមអន្តរជាតិមួយ នៅក្នុងប្រទេសរុស្ស៊ី ចំពេលទីក្រុងព្យុងយ៉ាង មានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយទីក្រុងមូស្គូ។
លោក Pak Yong-il អនុប្រធានការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលសមាជអន្តរជាតិប្រឆាំងហ្វាស៊ីសលើកទី ៣ ដែលធ្វើឡើងនៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Rodong Sinmun ដែលជាកាសែតសំខាន់របស់កូរ៉េខាងជើង។

គណៈប្រតិភូយោធាកូរ៉េខាងជើង ដឹកនាំដោយលោក Pak បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងព្រឹត្តិការណ៍ប្រឆាំងហ្វាស៊ីសនិយមនោះ លោក Pak បាននិយាយថា កូរ៉េខាងជើងមានជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងរួមចំណែកដល់ «ការបង្កើតឲ្យមានសណ្តាប់ធ្នាប់ពិភពលោកឯករាជ្យ និងពហុប៉ូល ដោយគ្មានការត្រួតត្រា ការគាបសង្កត់ និងអនុត្តរភាព»។ នេះបើយោងតាមកាសែត Rodong Sinmun ។
លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនសម្រាប់ការការពារខ្លួនប្រឆាំងនឹងផែនការរបស់សត្រូវ ដើម្បីស្តារលទ្ធិហ្វាស៊ីសនិយម នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
