នៅក្នុងក្រុងខាទុំ (Khartoum) ដែលត្រូវបានបំផ្លាញដោយសង្រ្គាម មានរទេះសត្វលាលើផ្លូវកៅស៊ូ ចំណែកក្លិនផ្លែប៉េងប៉ោះ បានសាយភាយចេញពីតូបលក់ ដែលទើបនឹងបើកថ្មីៗ ហើយអ្នកថ្មើរជើង បានដើរគេចពីរថយន្តដែលឆេះសល់ពីសង្រ្គាមរយៈពេលពីរឆ្នាំនេះ។
ជីវភាពរបស់ប្រជាជនមានការលំបាក ក្រោយពីវិលត្រឡប់ដោយប្រយ័ត្នប្រយែង ទៅកាន់រដ្ឋធានីស៊ូ ដង់ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីកងទ័ពបានដណ្តើមយកទីក្រុងនេះ ពីកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានកាន់កាប់វាភ្លាមៗ ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ ២០២៣។

ម្ចាស់តូបលោក Maqbool Essa Mohamed កំពុងដាក់អីវ៉ាន់របស់ខ្លួន នៅក្នុងផ្សារដ៏ធំនេះ នៅសង្កាត់ Kalakla ភាគខាងត្បូង។
លោកបាននិយាយថា៖«ប្រជាជនមានអារម្មណ៍សុវត្ថិភាពឡើងវិញ»។ «អាជីវកម្ម កំពុងដំណើរការ ហើយមានសុវត្ថិភាព»។
កាលពីប៉ុន្មានសប្តាហ៍មុន ផ្សារនេះ ត្រូវបានបោះបង់ចោល ហាងទំនិញទាំងអស់ ត្រូវបានបិទទ្វារ ផ្លូវនានា ស្ងាត់គ្មានមនុស្សដើរ ហើយអ្នកបាញ់ស៊ីប ប្រចាំការនៅលើដំបូលផ្ទះជានិច្ច។
នៅក្នុងការវាយលុកភ្លាមៗ នៅក្នុងខែមីនា កងទ័ពបានដណ្តើមយកមកវិញនូវភាគកណ្តាលទីក្រុង រួមទាំងវិមានប្រធានាធិបតី និងអាកាសយានដ្ឋាន ហើយកងកម្លាំង RSF ត្រូវបានបណ្តេញត្រឡប់ទៅជាយក្រុងភាគខាងលិចនៃទីក្រុងខាទុំវិញ។
