ភ្នំពេញ ៖ ហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា បានដឹកនាំសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តាមរយៈលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស តាមរយៈប្រព័ន្ធវីដេអូ។
នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំងលើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩(គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២០) ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមបានបន្តទៀតថាសមិទ្ធិផលនេះជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែននេះ គឺជាកាលានុវត្តភាពសម្រាប់ម្ចាស់ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលបានសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ក្នុងក្របខណ្ឌអន្តរជាតិ ហើយបន្ថែមពីនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការប្រើប្រាស់ការបោះពុម្ពស្នាដៃរបស់បរទេស សម្រាប់លើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលជាកត្តាមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ និងអភិរក្ស វិស័យវប្បធម៌ឱ្យក្លាយជាសមាសធាតុមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិតលើអក្សរសាស្ត្រ តូរ្យតន្ត្រី សោតទស្សន៍ ភាពយន្ត ចម្លាក់ គំនូរ សិល្បៈសូនរូប និងសិល្បៈផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង អភិវឌ្ឍន៍ និងបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញាត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥0 និងជាមូលដ្ឋានកសាងបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងសង្គមដែលពោរពេញនវានុត្តភាព៕
ដោយ៖ គង់ ឌិន



