នៅថ្ងៃចុងក្រោយ មុនការបោះឆ្នោតថ្ងៃទី៣ ខែឧសភា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើយុទ្ធនាការនៅក្នុងមណ្ឌលបោះឆ្នោតរបស់លោក Peter Dutton ដែលជាគូប្រជែងខាងក្រុមអភិរក្សនិយមរបស់លោក ខណៈការស្ទង់មតិ បង្ហាញថា អ្នកកាន់តំណែងរូបនេះកំពុងទទួលបានសំឡេងគាំទ្រនៅក្នុងយុទ្ធនាការមួយដែលគ្របដណ្ដប់ដោយភាពងាយប្រែប្រួលផ្នែកការទូតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
គណៈកម្មាធិការរៀបចំបោះឆ្នោតអូស្ត្រាលី បានឲ្យដឹងថា អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលមានការបោះឆ្នោតជាកាតព្វកិច្ច ហើយមនុស្សជិត ៧លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធបោះឆ្នោត ១៨លាននាក់ បានទៅទម្លាក់សន្លឹកឆ្នោតរួចហើយ នៅថ្ងៃទី២ ខែឧសភា តាមមណ្ឌលបោះឆ្នោតមុនពេលកំណត់ ឬតាមរយៈការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។

ដោយផ្អែកលើមូលដ្ឋានគាំទ្រលើគណបក្សធំៗទាំង២ ការស្ទង់មតិដែលត្រូវបានចេញផ្សាយទាំងអស់ បង្ហាញថា គណបក្សការងារ (Labor) ដែលជាក្រុមកណ្តាល-ឆ្វេងនិយមរបស់លោក Albanese នាំមុខគណបក្សសម្ព័ន្ធជាតិសេរីនិយម (Liberal-National Coalition) ដែលជាក្រុមអភិរក្សនិយម ទោះបីជាការស្ទង់មតិ ក៏បង្ហាញដែរថា គណបក្សការងារអាចនឹងដឹកនាំរដ្ឋាភិបាលដោយសំឡេងភាគតិចក៏ដោយ។
គណបក្សធំៗទាំង២ បានផ្តោតលើសម្ពាធនៃការចំណាយសម្រាប់ការរស់នៅ និងតម្លៃផ្ទះខ្ពស់ ប៉ុន្តែការស្ទង់មតិបង្ហាញថា ភាពមិនប្រាកដប្រជាជាសកលដែលជំរុញដោយការដំឡើងពន្ធម្ដងមានម្ដងអត់របស់ Trump បានក្លាយជាបញ្ហាធំចម្បងយ៉ាងឆាប់រហ័ស សម្រាប់អ្នកបោះឆ្នោត អំឡុងយុទ្ធនាការនេះ។
លោក Dutton បានព្យាយាមផ្ដាច់ខ្លួនពីការប្រៀបធៀបជាមួយលោក Trump ប៉ុន្តែបានធ្លាក់ប្រជាប្រិយភាព បន្ទាប់ពីបាននាំមុខនៅក្នុងការស្ទង់មតិកាលពីខែកុម្ភៈ។ អ្នកយុទ្ធសាស្រ្តនយោបាយ បានលើកឡើងថា លោក Trump មិនមែនជាកត្តាសម្រេចនោះទេ ពោលគឺលោក Albanese បានដំណើរការយុទ្ធនាការដ៏ខ្លាំងក្លាមួយ ហើយលោក Dutton បានបង្កើតកំហុសជាច្រើន ក្នុងនោះរួមទាំងគោលនយោបាយរយៈពេលខ្លី ក្នុងនោះមានទាំងការហាមឃាត់មន្ត្រីសាធារណៈមិនឲ្យធ្វើការពីផ្ទះផងដែរ។ ប៉ុន្តែពួកគេ បានបញ្ជាក់ថា ឥទ្ធិពលរបស់ Trump បានបន្ថែមក្ដីបារម្ភ សម្រាប់អ្នកបោះឆ្នោតដែលកាន់តែមានភាពប្រយ័ត្នប្រយែងខ្លាំងឡើងៗ៕


