រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាម លោក Abbas Araghchi បាននិយាយជាការឆ្លើយតបទៅនឹងការពន្យារពេលនៃកិច្ចពិភាក្សាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា អ៊ីរ៉ង់នៅតែប្តេជ្ញាដោះស្រាយការខ្វែងគំនិតគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការចរចាផ្នែកការទូត។
លោករដ្ឋមន្រ្តី បានសរសេរនៅលើគណនីរបស់ខ្លួន នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «រួមគ្នាជាមួយដៃគូសន្ទនាអូម៉ង់ និងអាមេរិក យើងបានសម្រេចចិត្តពន្យារពេលកិច្ចចរចាលើកទី ៤ សម្រាប់ហេតុផលផ្នែកភ័ស្តុភារនិងបច្ចេកទេស។ ចំពោះខាងអ៊ីរ៉ង់ ពុំមានការផ្លាស់ប្តូរក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការទទួលបានដំណោះស្រាយការចរចានោះទេ។ ជាការពិត ពួកយើងមានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលមានតុល្យភាព៖ គឺការធានាការបញ្ចប់ការដាក់ទណ្ឌកម្ម និងបង្កើតទំនុកចិត្តថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងរក្សាសន្តិភាព ជារៀងរហូត ខណៈពេលដែលធានាថា សិទ្ធិរបស់អ៊ីរ៉ង់ ត្រូវបានគោរពយ៉ាងពេញលេញ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី Tammy Bruce បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលមុននេះថា ពេលវេលា និងទីតាំងនៃការចរចាបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា កិច្ចពិភាក្សានឹងប្រព្រឹត្តទៅ នាពេលឆាប់ៗនេះ។