នគរបាលបានប្រាប់ឲ្យដឹងថា មនុស្ស ១០នាក់ បានបាត់បង់ជីវិត ហើយ ៣៧នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តក្រុង ១គ្រឿង បានបុករថយន្តជាច្រើនគ្រឿងដែលកំពុងរង់ចាំនៅច្រកទ្វារបង់ប្រាក់នៃផ្លូវmYy នៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា)។
អាជ្ញាធរ បានប្រាប់ថា រថយន្តក្រុងបានបន្តបុករថយន្តពី ១គ្រឿង ទៅ ១គ្រឿងដែលឈប់ស្ងៀម បន្ទាប់ពីបានបុករថយន្តស្ព័រដំបូងគេ។ នគរបាលបានប្រាប់សារព័ត៌មាន AFP ថា អ្នកបើកបររថយន្តក្រុង បានសារភាពថា បានដេកលក់មួយភាំងពេលកំពុងបើកបរ មុនបង្កឲ្យមានឧបទ្ទវហេតុ នៅជិតទីក្រុង Tarlac របស់កោះ Luzon។

លោកវរសេនីយ៍ឯក Romel Santos នៃនគរបាលទីក្រុង Tarlac បាននិយាយថា៖ «តាមការសាកសួរដំបូងពីអ្នកស៊ើបអង្កេតរបស់យើង អ្នកបើកបរបាននិយាយថា រូបគេបានដេកលក់មួយភាំង ហើយបានភ្ញាក់នៅកន្លែងកើតហេតុពេលបុករថយន្តបន្តបន្ទាប់នោះ»។ លោកបានប្រាប់ថា អនីតិជន ៤រូប ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះ។
លោក Santos បានឲ្យដឹងទៀតថា ទាំងអ្នកបើកបរ និងអ្នកឆែកសំបុត្រ ត្រូវបានចាប់ខ្លួន ដោយអ្នកបើកបរប្រឈមមុខនឹងការចោទប្រកាន់ ពីបទ «បើកបរដោយធ្វេសប្រហែសដែលបណ្តាលឲ្យមានឧបទ្ទវហេតុស្លាប់មនុស្សច្រើន»។ លោកបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំនៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីឲ្យសាច់ញាតិកំណត់អត្តសញ្ញាណជនរងគ្រោះដែលយកទៅទីនោះ។ ចំពោះកម្រិតនៃការរងរបួសរបស់ជនរងគ្រោះរួចជីវិត មិនទាន់ដឹងនៅឡើយទេ៕
