តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ បានបញ្ចប់សវនាការមួយសប្តាហ៍ អំពីអ្វីដែលអ៊ីស្រាអែលត្រូវធ្វើ ដើម្បីធានាបាននូវជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំង ទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងតំបន់វេសបែង( West Bank) ។
កាលពីឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិ បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ផ្តល់យោបល់អំពីកាតព្វកិច្ចផ្លូវច្បាប់របស់អ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះ បានហាមឃាត់យ៉ាងមានប្រសិទ្ធភាពចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ដែលជាអ្នកផ្តល់ជំនួយដ៏សំខាន់ដល់តំបន់ហ្កាហ្សាពីការធ្វើប្រតិបត្តិការ។

អ្នកជំនាញបាននិយាយថា ករណីនេះអាចមានឥទ្ធិពលទូលំទូលាយសម្រាប់អង្គការសហប្រជាជាតិ និងបេសកកម្មរបស់ខ្លួន នៅទូទាំងពិភពលោក។
សវនាការ បានប្រព្រឹត្តទៅ ខណៈដែលប្រព័ន្ធជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា កំពុងជិតដួលរលំ ហើយកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ នៅតែជាប់គាំង។ អ៊ីស្រាអែល បានបិទច្រកចូលស្បៀង ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀត ចាប់តាំងពីថ្ងៃទី ០២ ខែមីនា។ ប្រទេសនេះ បានបន្តការវាយប្រហារ នៅថ្ងៃទី ១៨ ខែមីនា ដោយបំពានបទឈប់បាញ់ និងដណ្តើមកាន់កាប់ផ្នែកធំនៃទឹកដី ដោយនិយាយថា ខ្លួនមានគោលបំណងជំរុញក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរបន្ថែមទៀត។
អ៊ីស្រាអែលបានបដិសេធការកំណត់គោលដៅជនស៊ីវិល និងបុគ្គលិកជំនួយដោយចេតនា ជាផ្នែកមួយនៃសង្រ្គាមជាមួយក្រុមហាម៉ាស ហើយមិនបានចូលរួមក្នុងសវនាការនេះទេ។ ប្រទេសនេះ បានផ្តល់ឯកសារជាលាយលក្ខណ៍អក្សរចំនួន ៣៨ទំព័រ សម្រាប់ឲ្យតុលាការ ពិចារណា។
