តំណាងពិសេសរបស់ទីក្រុងមូស្គូ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រ (ទី២ ខែឧសភា) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា ប្រទេសរុស្ស៊ីនឹងជួយអាជ្ញាធរតាលីបង់របស់ប្រទេសនេះ ប្រយុទ្ធប្រឆាំងជាមួយមែកធាងរបស់ក្រុមរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន។
លោក Zamir Kabulov អតីតឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងកាប៊ុល បានហៅក្រុមរដ្ឋឥស្លាម Khorasan (ISIS-K) ថា ជា «សត្រូវរួម» របស់ទីក្រុងមូស្គូ និងទីក្រុងកាប៊ុល។
លោក Kabulov បានប្រាប់សារព័ត៌មាន RIA ក្នុងបទសម្ភាសន៍មួយថា៖ «យើងឃើញ និងសរសើរ ចំពោះកិច្ចប្រឹងប្រែងដែលក្រុមតាលីបង់ កំពុងធ្វើក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS អាហ្វហ្គានីស្ថាន។ យើងនឹងផ្តល់ជំនួយដ៏ល្អបំផុតរបស់យើងដល់អាជ្ញាធរ (អាហ្វហ្គានីស្ថាន) តាមរយៈរចនាសម្ព័ន្ធឯកទេស»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គ្មានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលតាលីបង់ដែលបានដណ្តើមអំណាច កាលពីខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានដកទ័ពចេញពីអាហ្វហ្គានីស្ថានយ៉ាងច្របូកច្របល់ ក្រោយមានសង្គ្រាមរយៈពេល ២០ឆ្នាំ។
ការអត្ថាធិប្បាយរបស់លោក Kabulov គូសបញ្ជាក់អំពីការមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រវាងទីក្រុងមូស្គូ និងទីក្រុងកាប៊ុល ដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីឆ្នាំមុនថា ឥឡូវនេះ គឺជា «សម្ព័ន្ធមិត្ត» របស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ កាលពីខែមុន រុស្ស៊ីបានសម្រេចដកក្រុមតាលីបង់ជាផ្លូវការចេញពីបញ្ជីអង្គការភេរវករ ដែលខ្លួនបានបញ្ចូលក្នុងឆ្នាំ២០០៣៕