អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២ ខែឧសភា) បានថ្កោលទោសការបន្តការវាយប្រហារយ៉ាងអាក្រក់ ដោយយោធាមីយ៉ាន់ម៉ា បើទោះបីជាមានការប្រកាសបទឈប់បាញ់ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សជិត ៣.៨០០នាក់ក៏ដោយ។
ប្រមុខសិទ្ធិមនុស្សរបស់ UN គឺលោក Volker Turk បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «អំពើហិង្សាឥតឈប់ឈរ បានប៉ះពាល់ដល់ជនស៊ីវិល ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានប្រកាស បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏អាក្រក់កាលពីថ្ងៃទី២៨ ខែមីនាក៏ដោយ បញ្ជាក់ពីតម្រូវការ ដើម្បីឲ្យភាគីនានាប្តេជ្ញាចិត្ត និងអនុវត្ត ក្នុងការបញ្ឈប់ការប្រយុទ្ធទូទាំងប្រទេសយ៉ាងពិតប្រាកដ និងជាអចិន្ត្រៃយ៍ ហើយវិលត្រលប់ទៅរកការគ្រប់គ្រងស៊ីវិលវិញ»។
គួរដឹងថា ជម្លោះពហុភាគី បានញាំញីសហភាពមីយ៉ាន់ម៉ា តាំងពីឆ្នាំ២០២១ ជាពេលដែលយោធារបស់លោក Min Aung Hlaing ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi។
បន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ រដ្ឋាភិបាលយោធាបានចូលរួមជាមួយក្រុមប្រឆាំង នៅក្នុងការអំពាវនាវឲ្យមានការផ្អាកអរិភាពជាបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែមេសា ដើម្បីសម្រួលដល់ប្រតិប្តិការផ្តល់ជំនួយសង្គ្រោះ។
ប៉ុន្តែលោក Turk បាននិយាយថា ចាប់តាំងពីមានគ្រោះរញ្ជួយដី និងរហូតដល់ថ្ងៃទី២៩ ខែមេសា «ក្រុមយោធាត្រូវបានគេរាយការណ៍ថា បានបើកការវាយប្រហារយ៉ាងហោចណាស់ ២៤៣ដង ក្នុងនោះរួមទាំងការវាយប្រហារតាមអាកាសចំនួន ១៧១ដង ដោយជនស៊ីវិលជាង ២០០នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត»។
លោកបានបន្ថែមថា «ការវាយប្រហារភាគច្រើន» បានកើតឡើងបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ លោក Turk បានបញ្ជាក់ថា ទោះបីជារបបយោធាបានបន្តជាថ្មីម្ដង ចំពោះ «បទឈប់បាញ់ដែលមិនត្រូវបានគេអើពើដោយភាគច្រើន» នោះ ក៏បទឈប់បាញ់ត្រូវបានបណ្ដោយឲ្យផុតកំណត់ កាលពីថ្ងៃទី៣០ ខែមេសា ដោយមិនមានសញ្ញាពីការបន្តរយៈពេលបន្ថែមទៀតឡើយ៕