បាល់ទាត់៖ គ្រូបង្វឹកនៃក្លិបបាល់ទាត់ Watford លោក Claudio Ranieri បានទទូចឱ្យកីឡាករទាំងអស់ទៅទទូលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាស្របពេលរលកឆ្លងថ្មីនៃជំងឺនេះ ជាពិសេសមេរោគបម្លែងខ្លួនថ្មី Omicron ដែលកំពុងវាយលុកចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប។ កូវីដ-១៩ កំពុងចាប់ផ្តើមផ្ទុះឆ្លងឡើងវិញនៅចក្រភពអង់គ្លេស ស្របពេលដែលមុននេះម្សិលមិញនេះ Tottenham Hotspur ក៏បានប្រកាសដែរថាមានសមាជិកក្លិបចំនួន ៥នាក់ និងកីឡាករ ៨នាក់ឆ្លង។
អតីតអ្នកចាត់ការ Leicester City រូបនេះបាននិយាយថា អ្វីដែលសំខាន់ចំពោះមុខនោះគឺកីឡាករគ្រប់រូបត្រូវតែមានវ៉ាក់សាំង ពីព្រោះខែធ្នូនេះជាខែកាលដែលក្រុមទាំងអស់មានកាលវិភាគប្រកួតដ៏មមាញឹកពោលគឺ ៣ថ្ងៃមួយប្រកួត មានន័យថាបើគ្មានវ៉ាក់សាំងទេពិតជាប្រឈមនឹងហានិភ័យ។ សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសក៏ទើបបានប្រកាសដែរថា នឹងចាប់ផ្តើមអនុវត្តវ៉ាក់សាំងកាតព្វកិច្ចដោយរាល់ការចេញចូលទីតាំង ដែលមានមនុស្សច្រើនទាមទារឱ្យមនុស្សម្នាក់ៗបង្ហាញប័ណ្ណចាក់វ៉ាក់សាំង។ Watford នឹងត្រូវធ្វើដំណើរទៅទឹកដី Brentford យប់ថ្ងៃសុក្រនេះក្នុងការប្រកួតសប្តាហ៍ទី១៦ នៃក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ