ក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់នៃប្រទេសលីបង់ កាលពីថ្ងៃសុក្រ បានផ្តល់អនុសាសន៍មួយដល់ រដ្ឋាភិ បាលដោយព្រមានក្រុមហាម៉ាស ប្រឆាំងនឹងការធ្វើ«សកម្មភាពណាមួយ ដែលអាចបំផ្លាញអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសនេះ។
ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាដែលដឹកនាំដោយប្រធានាធិបតីលីបង់ លោក Joseph Aoun ចូលរួមដោយនាយករដ្ឋមន្ត្រីលោក្ Nawaf Salam រដ្ឋមន្ត្រីខុទ្ទកាល័យ និងមន្ត្រីយោធានិងសន្តិសុខជាន់ខ្ពស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Mohammad Al-Mustafa អគ្គលេខាធិការក្រុមប្រឹក្សានេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តដាក់អនុសាសន៍មួយ ជូន គណៈរដ្ឋមន្ត្រី ដែលរួមមាន«ការព្រមានដល់ក្រុមហាម៉ាសប្រឆាំងនឹងការប្រើប្រាស់ទឹកដីលីបង់ ដើម្បីធ្វើ សកម្មភាពណាមួយ ដែលប៉ះពាល់ដល់សន្តិសុខជាតិលីបង់ ដោយបញ្ជាក់ថា វិធានការតឹងរ៉ឹងបំផុត និង ចំណាត់ការចាំបាច់ នឹងត្រូវធ្វើឡើង ដើម្បីបញ្ចប់ការរំលោភលើអធិបតេយ្យភាពលីបង់»។
