នគរបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស បីនាក់ ក្នុងនោះមានកុមារម្នាក់ នៅភាគខាងត្បូងដែលរងការវាយប្រហារដោយបះបោររបស់ប្រទេសថៃ ខណៈដែលអាជ្ញាធរ បានតាមចាប់ខ្លួនជនសង្ស័យនោះ។
អ្នកវាយប្រហារ បានបើកការបាញ់ប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងតំបន់លំនៅឋានមួយ ក្នុងស្រុក Tak Bai នៃខេត្ត Narathiwat ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួនបី ភាគច្រើនកាន់សាសនាឥស្លាមនៅភាគខាងត្បូងនៃប្រទេសថៃដែលរួបរឹតដោយការបះបោរបំបែកខ្លួន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នគរបាល បាននិយាយថា មនុស្សបីនាក់ បានស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងបុរសអាយុ ៧៥ ឆ្នាំម្នាក់។
មន្ត្រីប៉ូលិសក្នុងតំបន់ លោក Watthana Thurarat បានប្រាប់សារព័ត៌មាន AFP ថា៖«ជនរងគ្រោះម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ហើយពីរនាក់ទៀត បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ» ដោយបន្ថែមថា មនុស្សពីរនាក់ទៀត បានរងរបួស។
លោក Watthana បានបន្តថា នគរបាល ជឿជាក់ថា ជនសង្ស័យដែលមានទាន់ត្រូវចាប់ខ្លួនបាននេះ មានជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម។
អំពើហិង្សាជារឿយៗ បានធ្វើឲ្យរង្គោះរង្គើ ខេត្តភាគខាងត្បូងនៃព្រះរាជាណាចក្រដូចជា ណារ៉ាធីវ៉ាត់ (Narathiwat) ប៉ាតានី(Pattani) និងយ៉ាឡា (Yala) ជាកន្លែងដែលក្រុមបំបែកខ្លួនស្វះស្វែងរកស្វ័យភាពកាន់តែច្រើនសម្រាប់តំបន់ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្សជាង ៧.000នាក់ ចាប់តាំងពីឆ្នាំ ២០០៤ មក។
