យោធាសហរដ្ឋអាមេរិក បានបង្កើតតំបន់យោធាទី២ តាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដោយបន្ថែមតំបន់មួយ ក្នុងរដ្ឋតិចសាស ដែលកងទ័ពអាចឃុំខ្លួនបណ្តោះអាសន្ន នូវជនអន្តោប្រវេសន៍ ឬអ្នករំលោភបំពាន ទៅកាន់តំបន់មួយដែលបានរៀបចំឡើង នៅក្នុងរដ្ឋ New Mexico កាលពីខែមុន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមយុទ្ធនាការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ចាប់តាំងពីចូលកាន់តំណែង ដោយបង្កើនកងទ័ពនៅព្រំដែនភាគខាងត្បូង និងសន្យានិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។

រដ្ឋបាលលោក ត្រាំ កាលពីខែមេសាបាននិយាយថា ខ្លួនបានកំណត់តំបន់មានប្រវែង ៦០ ហ្វីត ទទឹង ១៧០ ម៉ាយ (១៨ម៉ែត្រ គុណនឹង២៧០គីឡូម៉ែត្រ) តាមបណ្តោយមូលដ្ឋាននៃរដ្ឋ New Mexico ជា «តំបន់ការពារជាតិ»។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ យោធាអាមេរិក បាននិយាយថា ខ្លួនបានបង្កើត «តំបន់ការពារជាតិនៃរដ្ឋតិចសាស» នៅក្នុងតំបន់មានប្រវែង ៦៣ម៉ាយ ដែលលាតសន្ធឹងទៅទិសខាងកើតពីព្រំដែនរដ្ឋតិចសាស-ម៉ិកស៊ិក ក្នុងទីក្រុង El Paso។
