វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេសុំឲ្យមានការឆ្លើយតបច្បាស់លាស់មួយពីអ៊ុយក្រែនចំពោះការផ្តល់ជូនបទឈប់បាញ់រយៈពេល ៣ថ្ងៃរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គាប់ជួននឹងការប្រារព្ធខួបជ័យជំនះសង្រ្គាមលោកលើកទី ២ក្នុងខែនេះ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទំនងជាបានច្រានចោលរួចទៅហើយចំពោះបទឈប់បាញ់បែបនេះ ដោយរូបលោកនិយាយថា លោកយល់ព្រមបើសិនជាបទឈប់បាញ់មានរយៈពេលយ៉ាងហោច ៣០ថ្ងៃ គឺជាគំនិតមួយដែលលោក Putin និយាយថា វាត្រូវការការងារច្រើន មុនពេលវាអាចក្លាយជាការពិតបាន ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្តល់ជូនបទឈប់បាញ់រយៈពេល ៣ថ្ងៃរបស់លោក Putin គឺជាការធ្វើតេស្តមួយ ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់ទីក្រុងគីវ ក្នុងការស្វែងដំណោះស្រាយសន្តិភាពបញ្ចប់សង្រ្គាម ។
កាលពីថ្ងៃចន្ទ ទី ២៨ ខែមេសាកន្លងទៅ លោក Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដើម្បីប្រារព្ធខួបលើកទី ៨០នៃជ័យជំនះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងសង្រ្គាមលោកលើកទី ២ ។
វិមានក្រឹមឡាំង និយាយថា បទឈប់បាញ់រយៈពេល ៧២ម៉ោង នឹងមានចាប់ពីថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី ៩ ខែឧសភា ពេលដែលលោក Putinធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអន្តរជាតិ រួមទាំងប្រធានាធិបតីចិនលោក Xi Jinping សម្រាប់ពិធីប្រារព្ធជ័យជំនះលើក្រុមណាស៊ីអាល្លឺម៉ង់ ហើយនិងនៅថ្ងៃទី ១០ ខែឧសភា ៕
