ទាហានសហរដ្ឋអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើដី នៅខេត្តភាគខាងជើង Cagayan កាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ។
ទាហានបានចូលរួមសេណារីយ៉ូការពារ ក្លែងធ្វើជាការវាយប្រហារលើតំបន់ឆ្នេរនៅភាគខាងជើងប្រទេសហ្វីលីពីន ។

ទាហានហ្វីលីពីន និងសហរដ្ឋអាមេរិកជាង ១៤.០០០នាក់ នឹងចូលរួមសមយុទ្ធកៀកស្មា Balikatan ដែលមានគោលដៅធ្វើឲ្យល្អប្រសើរឡើងអន្តរប្រតិបត្តិការ ក៏ដូចជាការពារដែនទឹក ដែនគោក និងតំបន់ឆ្នេរ ។
សមយុទ្ធយោធានេះដែរ គ្រោងនឹងបន្តរហូតដល់ថ្ងៃទី ៩ ខែឧសភា ហើយនិងមានការចូលរួមផងដែររបស់ទាហានមកពីអូស្រ្តាលី និងជប៉ុន ។
សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំខាងលើ បានកើតមានឡើង ស្របពេលភាពតានតឹងកើនឡើងរវាងហ្វីលីពីន និងចិន ជុំវិញកោះជម្លោះសម្បូរធនធាននៅក្នុងសមុទ្រចិនខាងត្បូង ៕
