ក្រុមគ្រួសារចំណាប់ថ្នូរបានជួបជុំគ្នា ដើម្បីទាមទារចម្លើយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ហើយពួកគេបានបញ្ជាក់ពីការវិលត្រឡប់ទៅរកតុចរចាវិញ ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ។
សារព័ត៌មានអ៊ីស្រាអែល រាយការណ៍កាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល បានឯកភាពលើផែនការសម្រាប់ពង្រីកប្រតិបត្តិការសឹកនៅតំបន់ហ្កាហ្សាស្រ្ទីប ជាការបង្ហាញសញ្ញាមួយថា ការប៉ុនប៉ងបញ្ចប់ការប្រយុទ្ធគ្នា និងការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរចាប់ដោយក្រុមហាម៉ាស លែងមានវឌ្ឍនភាពទៀតហើយ ។

ចាប់តាំងពីការដួលរលំនៃបឈប់បាញ់កាលពីខែមីនា ទាហានអ៊ីស្រាអែល បានបង្កើតតំបន់ទ្រនាប់នៅហ្កាហ្សា ធ្វើឲ្យជនប៉ាឡេស្ទីន ២,៣លាននាក់ជាប់ខ្លួននៅភាគកណ្តាលដែនដីមួយនេះ និងនៅតាមតំបន់ឆ្នេរ ហើយនិងការបិទការចូលរបស់រថយន្ដដឹកជំនួយ ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Netanyahu និយាយថា ស្របពេលដែលអ៊ីស្រាអែលប្រឹងប្រែងនាំមកវិញចំណាប់ថ្នូរ ៥៩នាក់ ដែលគេជឿថាចំណាប់ថ្នូរ ២៤នាក់នៅរស់នោះ គោលដៅចុងក្រោយរបស់ពួកគេ គឺត្រូវតែយកឈ្នះក្រុមហាម៉ាសឲ្យខាងតែបាន ។
អ៊ីស្រាអែលនិយាយយ៉ាងទទួចថា ក្រុមហាម៉ាសត្រូវតែទម្លាក់អាវុធចុះ ហើយមិនត្រូវមានចំណែកណាមួយនោះឡើយនៅក្នុងអភិបាលកិច្ចនាពេលអនាគតនៅតំបន់ហ្កាហ្សា គឺជាលក្ខខណ្ឌមួយដែលក្រុមហាម៉ាសច្រានចោលទាំងស្រុង ។
ក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ ២០០៧រហូតមកនោះ និយាយយ៉ាងទទួចថា ពួកគេយល់ព្រមលើការបញ្ចប់សង្រ្គាមជារៀងរហូត និងការដកទាហានអ៊ីស្រាអែលចេញពីដែនដីមួយនេះ ជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងដែលមើលឃើញការដោះលែងចំណាប់ថ្នូរ ៕
