ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចំនួន០៤លានរៀល ក្រោយកម្លាំងនៃអធិកាបានសហការជាមួយកម្លាំងជំនាញ និងនគរបាលប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ជាពលរដ្ឋ ចំនួនពីរករណីផ្សេងគ្នា។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់នគរបាលជំនាញ ជាពិសេសអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឲ្យបង្ក្រាបក្រុមជនសង្ស័យនេះឲ្យដល់គល់។
ក្រុមជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌនឹងកេងកង សហការជាមួយ នគរបាលជំនាញ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មានក្រុមជនសង្ស័យចំនួន០៤នាក់ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១។
មួយករណីទៀត កាលពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ មានជនសង្ស័យ ០៣ នាក់ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចទីតាំងកើតហេតុបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះប្រាកដមែន រួចយកទូរស័ព្ទលក់នៅម្ដុំផ្សារកណ្ដាលតែគេមិនទិញ (ជាប់IClutd) ក៏បានយកទៅបោះចោលចូលទឹកទន្លេ ចំណែកកាបូប រួមនិងសម្ភារបោះកន្លែងចោលសម្រាមកោះពេជ្រ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៧នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ







