កាលពីថ្ងៃសៅរ៍ម្សិលមិញ ឥណ្ឌាបានហាមឃាត់ការនាំចូលទំនិញពីប្រទេសប៉ាគីស្ថាន ហើយនិងហាមប្រាមនាវាប៉ាគីស្ថាន ស្របពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ក្រោយការវាយប្រហារស្លាប់មនុស្សលើក្រុមភ្ញៀវទេសចរនៅតំបន់ជម្លោះកាស្មៀរ ។

អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសឥណ្ឌា និយាយនៅក្នុងការជូនដំណឹងថា បំរាមនេះនឹងចូលជាធរមានភ្លាមៗ ។
ក្រុមពាណិជ្ជករឥណ្ឌាគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការហាមឃាត់ការនាំចូលទំនិញរបស់ប៉ាគីស្ថាន ។ ពួកគេបានអបអរសាទរលោកនាយករដ្ឋមន្រ្តី Narendra Modi និងបាននិយាយថា ពួកគេបានអំពាវនាវឲ្យមានវិធានការស្រដៀងគ្នានេះតាំងពីដំបូងមកម្ល៉េះ ។
គួរឲ្យដឹងថា ក្រុមជីវពលសង្ស័យ បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុនលើតំបន់ទេសចរណ៍ Pahalgam ស្ថិតតាមជ្រលងភ្នំកាស្មៀរ ។
ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះ ដែលទីក្រុង Islamabad ច្រានចោល ៕
