នៅតំបន់ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងដោយប៉ាគីស្ថានដែលបែងចែកតំបន់ជម្លោះកាស្មៀរ ពលរដ្ឋរស់នៅក្នុងភូមិ Chakothi បាននាំគ្នាធ្វើជម្រកការពារយ៉ាងរឹងមាំនៅជិតភូមិរបស់ពួកគេ ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំង ចាប់តាំងពីការវាយប្រហារស្លាប់មនុស្សកាលពីសប្តាហ៍មុន ។
ឥណ្ឌា និងប៉ាគីស្ថាន ធ្លាប់ធ្វើសង្រ្គាម ២លើក ជុំវិញតំបន់កាស្មៀរ ហើយនិងប៉ះទង្គិចគ្នាឥតឈប់ឈរនៅតាមព្រំដែនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ដូច្នេះ អ្នកភូមិបានស៊ាំរួចទៅហើយចំពោះជម្លោះមួយនេះ ពេលដែលភាពតឹងរវាងប្រទេសជិតខាងទាំង ២ កើនឡើង ។

លោក Faizan Anayat វ័យ ២២ឆ្នាំ ដែលធ្វើការជាជាងម៉ាស៊ីនត្រជាក់ នៅទីក្រុង Rawalpindi ស្ថិតក្នុងចំណោមពលរដ្ឋដែលបានចាត់វិធានការ ដើម្បីធានាសុវត្ថិភាពក្រុមគ្រួសាររបស់លោកនៅទីក្រុងកំណើត Chakothi ។
លោក Anayat និយាយនៅក្រៅលេណដ្ឋានដែលសាងសង់នៅក្រៅផ្ទះរបស់លោកថា ពេលដែលមានសង្រ្គាម ពួកយើងត្រូវតែសង្រ្គោះគ្រួសាររបស់ពួកយើងនៅក្នុងលេណដ្ឋានដែលពួកយើងបានបង្កើត ឡើង ។ ពួកយើងនៅជាមួយកងទ័ព ហើយគ្រួសាររបស់ពួកយើងមានសុវត្ថិភាពនៅទីនោះ ៕
