ក្រុមអ្នកវិភាគបានព្រមានថា ការចុះខ្សោយនៃតម្រូវការធ្វើដំណើរ មកពីការព្យាករប្រាក់ចំណូលដ៏អាក្រក់របស់ក្រុមហ៊ុនដែលទាក់ទងនឹងការធ្វើដំណើរ អាចនឹងធ្វើឱ្យខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបង្កផលប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។
ធនាគារវិនិយោគ J.P.Morgan ដ៏ធំបាននិយាយនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា "មនោសញ្ចេតនាប្រឆាំងអាមេរិក អាចជំរុញឱ្យមានការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិ ដែលត្រូវចាត់ទុកថាជាសេវាកម្មនាំចេញដ៏ធំ"។ ក្រុមហ៊ុន Goldman Sachs និង J.P.Morgan បានព្យាករថា ការចំណាយទាបលើការធ្វើដំណើរបរទេស អាចនឹងកាត់បន្ថយ ០,១% ពី GDP របស់អាមេរិកនៅឆ្នាំនេះ ដោយបន្ថែមថា ផលប៉ះពាល់អាចមានរហូតដល់ ០,២% ទៅ ០,៣%។

គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥នេះ GDP របស់អាមេរិក មានចំនួន ២៣,៥៣សែនកោដិដុល្លារ នេះបើយោងតាមទិន្នន័យរបស់ LSEG ហើយផលប៉ះពាល់អាចមានចំនួនចន្លោះពី ២៣ពាន់លានដុល្លារ និង ៧១ពាន់លានដុល្លារ ដោយផ្អែកលើការគណនារបស់សារព័ត៌មានរ៉យទ័រ។
កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយ បានព្រមានថា តម្រូវការធ្វើដំណើរ "បានជាប់គាំងយ៉ាងខ្លាំង" ដោយបានលុបចោលការព្យាករចំណូលរបស់ខ្លួនសម្រាប់ឆ្នាំនេះ ខណៈក្រុមហ៊ុនអាកាសចរណ័ផ្សេងទៀតក៏បានបន្ទាបចក្ខុវិស័យរបស់ខ្លួន។ គួរឱ្យបញ្ជាក់ថា ការចំណាយរបស់អ្នកដំណើរ និងអ្នកទេសចរបរទេសក្នុងឆ្នាំ២០២៤ មានចំនួន ០,៧% ឬ ២១៥ពាន់លានដុល្លារនៃ GDP របស់អាមេរិក នេះបើយោងតាមការប៉ាន់ស្មានរបស់ J.P.Morgan៕

