ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានច្រានចោលបទឈប់បាញ់ ៣ថ្ងៃ ដែលប្រកាសដោយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដោយហៅថាជាឆាកល្ខោន ប៉ុន្តែក៏បាននិយាយថា ទីក្រុងគីវ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បទឈប់បាញ់ពេញលេញ និងយូរអង្វែងមួយ។
ទីក្រុងមូស្គូ បាននិយាយថា បទឈប់បាញ់ ៧២ម៉ោង ដែលគ្រោងនឹងធ្វើឡើងស្របពេលជាមួយនឹងទិវារំលឹកសង្រ្គាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា មានគោលបំណងសាកល្បង "ការត្រៀមខ្លួន" របស់ទីក្រុងគីវ សម្រាប់សន្តិភាពយូរអង្វែង ខណៈចោទលោក Zelenskyy ថាបានធ្វើ "ការគំរាមកំហែងដោយផ្ទាល់" ចំពោះព្រឹត្តិការណ៍នៅថ្ងៃឈប់សម្រាកនោះ។
ក្នុងកិច្ចសម្ភាសន៍ដែលចេញផ្សាយនៅថ្ងៃសៅរ៍ (០៣ ឧសភា) លោក Zelenskyy បាននិយាយថា "នេះគឺជាការសម្តែងល្ខោនមួយផ្សេងទៀត ពីព្រោះនេះជារឿងមិនអាចទៅរួចទេដែលក្នុងពេលពីរឬបីថ្ងៃអាចរៀបចំផែនការសម្រាប់ជំហានបន្ទាប់ដើម្បីបញ្ចប់សង្គ្រាមបាន"។ លោកបន្តថា អ៊ុយក្រែនចង់មានកិច្ចព្រមព្រៀងពេញលេញមួយ ហើយនឹងមិន "លេងល្បែងបទឈប់បាញ់ខ្លី បង្កើតបរិយាកាសរីករាយដើម្បីអនុញ្ញាតឱ្យលោក Putin ចាកចេញពីភាពឯកោនៅថ្ងៃទី០៩ ឧសភា នោះទេ"។
ប្រជាជនអ៊ុយក្រែន បានរិះគន់បទឈប់បាញ់នេះថាជាការប៉ុនប៉ងដើម្បីរារាំងទីក្រុងគីវ មិនឱ្យរំខានដល់ការប្រារព្ធខួបនៃសង្រ្គាមលោកលើកទីពីរ ក្នុងពេលដែលមេដឹកនាំបរទេសទៅកាន់ទីក្រុងមូស្គូ ដើម្បីទស្សនាការដង្ហែក្បួនយោធានៅទីលានក្រហម និងស្ដាប់សុន្ទរកថារបស់លោក Putin៕