ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃសៅរ៍ (០៣ ឧសភា) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្នើបញ្ជូនទាហានអាមេរិក ចូលទៅក្នុងទឹកដីម៉ិកស៊ិក ដើម្បីជួយរដ្ឋបាលរបស់លោកស្រីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនខុសច្បាប់ ប៉ុន្តែលោកស្រីបានបដិសេធរឿងនេះ។

សុន្ទរកថារបស់លោកស្រីទៅកាន់អ្នកគាំទ្រនៅភាគខាងកើតប្រទេសម៉ិកស៊ិក បានឆ្លើយតបទៅនឹងអត្ថបទរបស់កាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃមុន ដោយរាយការណ៍អំពីការហៅទូរស័ព្ទដ៏តានតឹងកាលពីខែមុន ដែលក្នុងនោះ WSJ និយាយថា លោក Trump បានដាក់សម្ពាធឱ្យមេដឹកនាំម៉ិកស៊ិករូបនេះ ទទួលយកតួនាទីធំជាងមុនសម្រាប់យោធាអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិក។
លោកស្រី Sheinbaum បានលើកឡើងថា "លោក Trump ស្នើឱ្យយោធាអាមេរិក ចូលទៅជួយម៉ិកស៊ិក ដើម្បីទប់ទល់ការជួញដូរគ្រឿងញៀនខុសច្បាប់" ប៉ុន្តែលោកស្រីបានបដិសេធ ដោយបន្ថែមថា "អធិបតេយ្យភាពមិនមែនសម្រាប់លក់ទេ អធិបតេយ្យភាពគឺសម្រាប់ការពារ"។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន James Hewitt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃសៅរ៍ថា លោក Trump កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីម៉ិកស៊ិក "ដើម្បីសម្រេចបាននូវព្រំដែនភាគនិរតី ដែលមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រ"។
វត្តមានយោធាអាមេរិក បានកើនឡើងជាលំដាប់នៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមបទបញ្ជារបស់លោក Trump ក្នុងខែមករា ដើម្បីបង្កើនតួនាទីរបស់កងទ័ពក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍៕

