កំពង់ធំ៖ ប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ច្រាំងក្រហម ជាង១០០គ្រួសារ កំពុងហាមឃាត់ការ សាងសង់រោងលើដីសហគមន៍ និងស្នើឯកឧត្តមអភិបាលខេត្តកំពង់ធំជួយទប់ស្កាត់ការទន្ទ្រានដីសហគមន៍យកធ្វើកម្មសិទ្ធិ និងស្នើសុំអាស្រ័យជាលក្ខណៈគ្រួសារឡើងវិញ។
ប្រជាពលរដ្ឋជាសមាជិកសហគមន៍ប្រមាណជាង ១០០គ្រួសារ សម្រេចចិត្តចុះហាមឃាត់ការទន្រ្ទានដី សហគមន៍ច្រាំងក្រហម ស្ថិតនៅបំបន់បាក់គ្រែ ភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រុមប្រជាពលរដ្ឋលើកឡើងថា សកម្មភាពកាប់ទន្រ្ទានលក់ដូនេះកើតឡើងជាហូតមកហើយ ដោយមិនមាន ប្រធានសហគមន៍ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញ ចុះទៅទប់ស្កាត់ និងឃាត់ឡើយ, ផ្ទុយទៅវិញបែរជាហាក់បីដូចជា ត្រូវរូវគ្នាជាប្រព័ន្ធ អនុញ្ញាត្តិឲ្យកាយក្រវ៉ាត់អង្កន់ធ្វើព្រំដីតាមចិត្ត។ ក្រុមប្រជាពលរដ្ឋឡើងថា កាលពីរដូវស្សា ឆ្នាំ២០២១កន្លងទៅនេះ មានគ្រឿងចក្រមកកាយធ្វើជាព្រំ និងបានហាមឃាត់ដោយប្រជាពលរដ្ឋជាច្រើនលើក ក្រោយមកមានអ្នកប្រាប់ថា កាយធ្វើក្រវ៉ាត់មិនអោយមាន អ្នករំលោភដីបន្ថែម។ លុះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែមាន ឈ្មោះ ឡុង ស៊ីម មានទីលំនៅ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដឹកឈើយកមកធ្វើរោងលើដីនេះ និងបានអះអាងថា ដីរបស់ខ្លួនបានទិញស្របច្បាប់ពី ពីលោក ឆាយ ឃី មានទីលំខេត្តសៀមរាប ចំនួនជិត៣០ហិកតា។
ក្រុមប្រជាពលរដ្ឋបន្តថា ដីសហគមន៍នេះដើមឡើយ គឺជាដីរបស់ពួកគាត់អាស្រ័យផល ចាប់តាំងឆ្នាំ១៩៩៣ មកម្លេះ! រហូតដល់ឆ្នាំ២០០៧ ខ័ណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំដាក់ឲ្យជាដីការពារព្រៃឈើសហគមន៍ ច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកគ្រប់គ្រងការពារព្រៃឈើក្នុងក្របខ័ណ្ឌ (ដីគម្របព្រៃឆ្នាំ២០០២) មានទំហំ៨៩៨.២៥ហិចតា ទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាសមាជិកសហគមន៍ មើលឃើញថា មានជនឈ្លៀតឱកាសមួយចំនួនចូលកាន់កាប់ទន្ទ្រានដីព្រៃសហគមន៍ ទិញលក់ អស់មួយចំនួនធំ មិនឃើញមានចំណាត់ការពីអាជ្ញាធរមន្រ្តីជំនាញពាក់ព័ន្ធឡើយ! ដែលផ្ទៃដីបច្ចុប្បន្ននៅសល់ជាង៣០០ ហិកតាប៉ុណ្ណោះ។ក្រុមប្រជាពលរដ្ឋស្នើរដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួយទប់ស្កាត់ការទន្ទ្រាន ដីសហគមន៍យកធ្វើកម្មសិទ្ធិ និងស្នើរសុំអាស្រ័យជាលក្ខណៈគ្រួសារលើដីរៀងៗខ្លួនឡើងវិញ។
ជាមួយគ្នានេះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារចម្រុះរបស់ខេត្តធ្លាប់ចុះទៅពិនិត្យរួចហើយ និងប្រគល់ភារកិច្ចសិក្សាស្រាវជ្រាវបុគ្គលទិញលក់ ដីសហគមន៍ឲ្យ ទៅខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អនុវត្តន៍នីតិវធីច្បាប់។
ជាមួយគ្នានេះផងដែរ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា ករណី ដីសហគមន៍ច្រាំងក្រហម នៅជាសហគមន៍ដដែល ជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនទាន់មានការសម្រេចណាមួយកែប្រែអ្វីទេ។ “ចាំខ្ញុំចាត់ផ្នែក សង្កាត់ ចុះពិនិត្យបន្ទាន់” ៕








