ព្យុះភ្លៀង និងផ្គររន្ទះដ៏ខ្លាំងក្លាបានបោកបក់ពាសពេញទីក្រុងប៉ារីស របស់បារាំង កាលពីថ្ងៃសៅរ៍ (០៣ ឧសភា) ដោយបានបង្កជាភ្លៀងធ្លាក់ខ្លាំង ទម្លាក់សំណុំទឹកកកធំៗដែលបំផ្លាញទ្រព្យសម្បត្តិ និងនាំទៅដល់ចុងបញ្ចប់នៃសប្តាហ៍ដ៏កក់ក្តៅមួយនៅទូទាំងប្រទេសបារាំង និងផ្នែកភាគច្រើននៃអឺរ៉ុបខាងលិច។
ខ្យល់ព្យុះដ៏ខ្លាំងក្លានោះបានវាយប្រហារនៅពេលរសៀល ដោយធ្វើឱ្យអ្នកស្រុក និងអ្នកទេសចររត់គេចខ្លួនរកកន្លែងជ្រក ខណៈរ៉ាដាតាមដានអាកាសធាតុបានបង្ហាញពណ៌ទឹកលឿងទុំ និងក្រហមដ៏គ្រោះថ្នាក់ជាច្រើននៅលើផែនទីអាកាសធាតុ។

ការធ្លាក់សំណុំទឹកកកធំៗត្រូវបានប៉ាន់ប្រមាណថា មានទំហំយ៉ាងហោចណាស់ប៉ុនគ្រាប់ឃ្លី ដែលបានបង្កការបំផ្លិចបំផ្លាញជាច្រើន។ រូបថតបន្ទាប់ពីព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់នេះ បានបង្ហាញផ្លូវដែលគ្របដណ្តប់ដោយដុំទឹកកក ដោយមានរថយន្តជាច្រើនបានធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹក នៅក្នុងទីក្រុងបារាំង ដែលមានប្រជាជនជាង ២លាននាក់។
សេវាអាកាសធាតុជាតិរបស់បារាំង បានសន្មតថា ការវិលជុំនៃព្យុះនេះគឺដោយសារប្រព័ន្ធសម្ពាធទាបដែលផ្លាស់ទីកាត់ប្រទេសព័រទុយហ្គាល់ និងបារាំង ដែលជួយបង្កើតការប៉ះទង្គិចនៃម៉ាស់ខ្យល់។ ទីភ្នាក់ងារនេះបានចេញការជូនដំណឹងពណ៌លឿងទុំ ដែលជាកម្រិតខ្ពស់បំផុតទីពីរ សម្រាប់តំបន់ជាច្រើននៃប្រទេស៕

