ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ (០៤ ឧសភា) នេះថា តម្រូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន មិនបានកើតឡើងទេ ហើយថាលោកក៏សង្ឃឹមថារឿងនេះក៏នឹងមិនកើតឡើងដែរ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ដែលបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារតេលេក្រាម លោក Putin បានលើកឡើងថា រុស្ស៊ីមានកម្លាំង និងមធ្យោបាយដើម្បីនាំយកជម្លោះនៅអ៊ុយក្រែនទៅរក "សេចក្ដីសន្និដ្ឋានបិទបញ្ចប់ជាក់ស្ដែង"។

ឆ្លើយតបទៅនឹងសំណួរអំពីការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី ពីអ្នកយកព័ត៌មានទូរទស្សន៍រដ្ឋ លោក Putin បាននិយាយថា "មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទាំងនោះទេ ហើយរូបលោកសង្ឃឹមថា តម្រូវការទាំងនេះក៏នឹងមិនកើតមានដែរ"។
ការភ័យខ្លាចដែលថា សង្រ្គាមពង្រីកទៅជាការវាយប្រហារនុយក្លេអ៊ែរ គឺជាកត្តាចម្បងមួយនៅក្នុងគំនិតរបស់ក្រុមមន្ត្រីអាមេរិក ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២មក។ អតីតនាយកចារកម្ម CIA របស់អាមេរិក លោក William Burns ធ្លាប់បាននិយាយថា មានហានិភ័យពិតប្រាកដនៅចុងឆ្នាំ២០២២ ដែលថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន៕

