ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នូវប្រភេទអាងហែលទឹក ២៥ម៉ែត្រនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែឆ្នូខាងមុខ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា អត្តពលិកដែលត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ គឺមានកីឡាករ ២នាក់ និងកីឡាការិនី ២នាក់តាមគោលការណ៍របស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ក្នុងនោះមានកីឡាករខ្មែរ-អាមេរិក ម៉ាត់ថេវ ហ្វ្រេងតារា បេននីឈី និងកីឡាការិនីខ្មែរ-អាមេរិក ម៉ីលិតាន មីននិក ហាត់នៅអាមេរិក, កីឡាករ មនត្រស ផានសុវណ្ណអារុណ ហាត់នៅថៃ និងកីឡាការិនី កាំង មុយនីន ហាត់នៅកម្ពុជា។ អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ការចូលរួមប្រកួតនេះមិនផ្ដោតសំខាន់លើលទ្ធផលពេកនោះទេ អ្វីដែលសំខាន់គឺសិទ្ធផលរបស់កីឡាករ-កីឡាការិនីម្នាក់ ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមផង និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។
គួរដឹងថា បេសកកម្មនេះនឹងដឹកនាំផ្ទាល់ដោយលោក ហែម គិរី ខណៈឆ្លៀតឱកាសនោះលោកក៏នឹងចូលរួមកិច្ចប្រជុំ របស់សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ហើយលោកនឹងរកឱកាសជួបថ្នាក់ដឹកនាំសហព័ន្ធកីឡាហែលទឹកអាស៊ី ក៏ដូចជា FINA ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង និងស្វែងរកការគាំទ្របច្ចេកទេសផ្សេងៗ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ៕
អត្ថបទ៖ លី ឈុនឡា